តម្លៃទុរេនៅប្រទេសចិន មានការធ្លាក់ថ្លៃខ្លាំងខុសពីធម្មតា ដោយសារតែការនាំចូលផ្លែឈើប្រភេទនេះ ពីបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ មានទំហំច្រើនលើសលុប ធ្វើឲ្យអ្នកលក់ខ្លះបញ្ចុះតម្លៃមកនៅប្រហែល ១០យ៉ន់ ឬប្រហែល ៦ពាន់រៀល សម្រាប់កន្លះគីឡូក្រាម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន SCMP បានបង្ហាញថា សម្រាប់តម្លៃទុរេនលក់លើទីផ្សារអនឡាញវិញ ក៏មានការថយចុះជាខ្លាំងផងដែរ ពោលធ្លាប់តែលក់បាន ២៧៩យ៉ន់ សម្រាប់ ៦គីឡូក្រាម តែបច្ចុប្បន្ននេះ ថយចុះមកនៅត្រឹមចន្លោះ ១៧៩ ទៅ ២០៩យ៉ន់តែប៉ុណ្ណោះ។
គួររំលឹកបន្តិចថា ការថយចុះនៃតម្លៃទុរេនដ៏ច្រើននេះ គឺដោយសារតែមានការនាំចូលខ្លាំង ពីបរទេស ដោយរយៈពេល ៤ខែដំបូងឆ្នាំនេះ ចិននាំចូលទុរេនពីថៃរហូតដល់ទៅជាង ១២ម៉ឺនតោន សរុបជាទឹកប្រាក់រហូតដល់ទៅ ៧១៧លានដុល្លារឯណោះ។
ជាមួយគ្នា ចិនក៏បាននាំចូលទុរេនពីវៀតណាមច្រើនផងដែរ ពោលគឺកើនឡើងរហូតដល់ ១៦៨% បើធៀបនឹងឆ្នាំទៅ ស្របពេលហ្វីលីពីនក៏កំពុងសម្រុកនាំចេញទុរេនយ៉ាងសំបើម ទៅកាន់ទីផ្សារមហាអំណាចអាស៊ីមួយនេះថែមទៀត៕