ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ គ្រោងនឹងផ្លាស់ប្តូរទៅធ្វើការនៅរដ្ឋធានីថ្មី Nusantara នាដំណាច់ខែមិថុនានេះ ពោលគឺមុនពេលការសម្ពោធទីក្រុងថ្មីដែលរំពឹងទុកថានឹងត្រូវធ្វើឡើង ក្នុងអំឡុងពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី១៧ ខែសីហាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅឋាន លោក Basuki Hadimuljono បានបង្ហើបប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា ថា លោក វីដូដូ នឹងផ្លាស់ប្តូរកន្លែងធ្វើការរបស់លោក ទៅកាន់ការិយាល័យរដ្ឋាភិបាល នៅក្នុងរដ្ឋធានីថ្មី នៅពេលដែលប្រព័ន្ធទឹកស្អាតត្រូវបានតភ្ជាប់រួចរាល់។
គួរឲ្យដឹងផងដែរថា ការប្រកាសផ្លាស់ប្តូរទីតាំងធ្វើការរបស់ប្រធានាធិបតីរូបនេះ បានកើតឡើង ចំពេលមានការលាលែងពីតំណែងរបស់លោក Bambang Susantono ដែលជាប្រធានគម្រោងរដ្ឋធានីថ្មី និងអនុប្រធានគម្រោង លោក Dhony Rahajoe ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក វីដូដូ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍរបស់រដ្ឋធានី Nusantara នឹងមិនត្រូវបានបញ្ឈប់នោះឡើយ បើទោះបីជាប្រធានាធិបតីរូបនេះ នៅមិនទាន់បានលើកឡើងអំពីមូលហេតុច្បាស់លាស់នៃការចាកចេញរបស់ លោក Bambang ឬ Dhony ជុំវិញស្ថានភាពនៃគម្រោងរដ្ឋធានីថ្មីដែលមានតម្លៃប្រមាណ ៣២ពាន់លានដុល្លារអាមេរិក នេះក៏ដោយ។
ជម្រាបជូនផងដែរថា លោក វីដូដូ បានធ្វើដំណើរទៅកាន់ទីក្រុង Nusantara នៅថ្ងៃទី៤ ខែមិថុនានេះ ដើម្បីសម្ពោធគម្រោងជាច្រើន រួមទាំងសាលារៀន ខណៈការប្រារព្ធពិធីបុណ្យឯករាជ្យរបស់ប្រទេសឥណ្ឌូណេស៊ី ក៏ត្រូវបានគ្រោងទុកថាធ្វើឡើងទីក្រុងនេះ នាថ្ងៃទី១៧ ខែសីហាខាងមុខផងដែរ៕