អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Paopoom Rojanasakul បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ នៅថ្ងៃអង្គារ ទី៤ ខែមិថុនានេះ បានអនុម័តទៅលើវិធានការពន្ធថ្មី ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក នៅរដូវកាលខ្សត់ភ្ញៀវទេសចរ ប៉ុន្តែវិធានការនេះក៏នឹងធ្វើឲ្យរដ្ឋាភិបាលខាតបង់ខ្ទង់ ៤០លានដុល្លារ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោក Paopoom បានបន្តទៀតថា សម្រាប់វិធានការថ្មីនេះ នឹងត្រូវចូលជាធរមានចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ដោយរួមបញ្ចូលទាំងការកាត់បន្ថយពន្ធសម្រាប់ក្រុមហ៊ុនដែលរៀបចំសន្និបាត និងសិក្ខាសាលា ផងដែរ។
គួរឲ្យដឹងផងដែរថា វិធានការថ្មីបន្ថែមនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើននូវការធ្វើដំណើរក្នុងស្រុក រួមទាំងការអនុញ្ញាតឲ្យកាត់បន្ថយពន្ធលើប្រាក់ចំណូលសម្រាប់ការស្នាក់នៅតាមផ្ទះលំហែរ និងការចំណាយលើការស្នាក់នៅកន្លែងដែលមិនមែនជាសណ្ឋាគារ ។
បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក Srettha Thavisin បាននិយាយថា វិធានការនេះ អាចនឹងធ្វើឲ្យរដ្ឋាភិបាលខាតបង់ចំណូលពីពន្ធចំនួន ១,៥ពាន់លានបាត (៤១លានដុល្លារ) ប៉ុន្តែយ៉ាងណាក៏ដោយវាអាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនត្រលប់មកវិញ៕