ប៉ូឡូញ ចាយលុយជិត ៨០០លានដុល្លារ បង្កើនសុវត្ថិភាពលើអ៊ីនធឺណិត ក្រោយវាយប្រហារដោយរុស្ស៊ី​

អន្តរជាតិ

ប្រទេសប៉ូឡូញ នឹងចំណាយទឹកប្រាក់ប្រមាណ ៧៦០លានដុល្លារ ដើម្បីបង្កើនសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋ PAP ត្រូវបានរងការវាយប្រហារដ៏ធំមួយដែលត្រូវបានអាជ្ញាធរនិយាយថាជាស្នាដៃរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​នៅមុនការបោះឆ្នោតសភាអ៊ឺរ៉ុបនឹងត្រូវធ្វើឡើងក្នុងប្រទេសប៉ូឡូញ នាថ្ងៃអាទិត្យខាងមុខនេះ អាជ្ញាធរប៉ូឡូញ កំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងការជ្រៀតជ្រែកការបោះឆ្នោតនេះ បន្ទាប់ពីមានព័ត៌មានមិនពិតអំពីការចល័តយោធា បានលេចចេញឡើងនៅលើទីភ្នាក់ងារព័ត៌មានរដ្ឋ PAP របស់ប៉ូឡូញ។

គួរឲ្យដឹងផងដែរថា កន្លងមក រដ្ឋាភិបាលប៉ូឡូញ ចោទប្រកាន់រុស្ស៊ីម្តងហើយម្តងទៀតថា បានប៉ុនប៉ងធ្វើឲ្យប៉ូឡូញអស្ថិរភាព ដោយសារតែប្រទេសខ្លួន បានផ្គត់ផ្គង់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ខណ:ប៉ូឡូញ ក៏ទទួលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនលើករួចមកហើយ ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន។​

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ បានចេញមុខឆ្លើយតបវិញថា ខ្លួនមិនបានដឹងពីការវាយប្រហារលើទីភ្នាក់ងារព័ត៌មានរដ្ឋ PAP នោះទេ និងថែមទាំងបានច្រានចោលចំពោះការចោទប្រកាន់ដែលថារុស្ស៊ី កំពុងព្យាយាមធ្វើឲ្យប៉ូឡូញអស្ថិរភាព ផងដែរ៕