លោក Narendra Modi ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌា ៣អាណត្តិជាប់ៗគ្នា

អន្តរជាតិ

សារព័ត៌មាន AFP បានចុះផ្សាយថា គណបក្សរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងគណបក្សជាសម្ព័ន្ធមិត្តរបស់លោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល ប៉ុន្តែគណបក្សជាតិនិយមហិណ្ឌូរបស់លោក បានបាត់បង់សំឡេងភាគច្រើននៅសភាជាលើកដំបូងបំផុតក្នុងពេលរយៈមួយទសវត្សមកនេះទៅវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​ការប្រកាស​លទ្ធផលឆ្នោត​របស់គណៈកម្មការបោះឆ្នោត​ឥណ្ឌាបានបង្ហាញថា គណបក្ស Bharatiya Janata Party (BJP) ​របស់​លោកនាយករដ្ឋមន្រ្តី Modi និង​គណបក្ស​សម្ព័ន្ធមិត្ត​របស់​លោក​ រួមគ្នាសរុបទទួលបាន​អាសនៈយ៉ាងតិច២៩២ ក្នុងចំណោម​អាសនៈសរុប៥៤៣។ យ៉ាងណា បើរាប់តែគណបក្សជាតិនិយមហិណ្ឌូ BJP របស់លោក Modi ទទួលបានសម្លេងត្រឹមចំនួន ២៤០អសនៈប៉ុណ្ណោះ ពោលគឺតិចជាងកំណត់ត្រា ៣០៣អសនៈអំឡុងការបោះឆ្នោតកាលពីឆ្នាំ២០១៩ ។

ទោះបីជាការគាំទ្រមានការថមថយក៏ដោយ លោក Modi បានសន្យាថា នឹងធ្វើឲ្យបានល្អដើម្បីប្រែក្លាយសេដ្ឋកិច្ចរបស់ឥណ្ឌា ពីចំណាត់ថ្នាក់ទីប្រាំនាពេលបច្ចុប្បន្ន ទៅជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោក។ បន្ថែមពីនោះ លោកនឹងបន្តឆន្ទៈ ជំរុញការផលិតលើវិស័យការពារជាតិរបស់ឥណ្ឌា ជំរុញការងារយុវជន បង្កើនការនាំចេញ និងជួយកសិករជាដើម។

សូមជម្រាបដែរថា លោក Narendra Modi បច្ចុប្បន្នគឺជានាយករដ្ឋមន្ត្រីមួយរូប ដែលបន្តកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រឥណ្ឌាលំដាប់ទីបី ពោលរូបលោកបានកាន់តំណែងមួយនេះអស់រយៈ ១០ឆ្នាំមកហើយ ខណៈលោក Indira Gandhi ជាប់លេខពីរដែលបានកាន់តំណែងរយៈពេល ១១ឆ្នាំ និងលោក Jawaharlal Nehru គឺជាអ្នកកាន់តំណែងបានយូរជាងគេបំផុតរហូតដល់ទៅ ១៦ឆ្នាំឯណោះ៕