រដ្ឋាភិបាលម៉ាល់ឌីវ គ្រោងនឹងដាក់ចេញបម្រាមមិនឲ្យជនជាតិអ៊ីស្រាអែល ចូលមកកាន់ដែនកោះរបស់ខ្លួន ចំពេលកំហឹងជាសាធារណ:កំពុងមានការកើនឡើងលើសលប់នៅក្នុងប្រទេស ជាពិសេសអ្នកកាន់សាសនាឥស្លាម ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
យោងតាមការិយាល័យប្រធានាធិបតី បាននិយាយកាលពីចុងសប្តាហ៍មុនថា គណ:រដ្ឋមន្ត្រីបានសម្រេចចិត្តដាក់បម្រាមទៅលើអ្នកដែលកាន់លិខិតឆ្លងដែនអ៊ីស្រាអែលមិនឲ្យចូលមកក្នុងប្រទេស និងថែមទាំងបានបង្កើតអនុគណៈកម្មាធិការមួយ ដើម្បីត្រួតពិនិត្យទៅលើដំណើរការច្បាប់ថ្មីនេះ ផងដែរ។
ប្រភពដដែលនេះ ក៏បានបង្ហាញឲ្យដឹងទៀតថា ប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Muizzu ក៏នឹងតែងតាំងបេសកជនពិសេសមួយដើម្បីវាយតម្លៃពីតម្រូវការរបស់ជនជាតិប៉ាឡេស្ទីន និងចាប់ផ្តើមយុទ្ធនាការរៃអង្គាសប្រាក់ជាតិមួយ ដើម្បីជួយដល់ជនរងគ្រោះដោយសារសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ថែមទៀតផង។
ជាការឆ្លើយចំពោះច្បាប់ហាមប្រាមនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Oren Marmorstein ជំរុញឲ្យជនជាតិអ៊ីស្រាអែលផ្អាកការធ្វើដំណើរទៅប្រទេសម៉ាល់ឌីវ និងអ្នកដែលកំពុងនៅទីនោះ សូមពិចារណាចាកចេញ ពីព្រោះអាចប្រឈមមុខទៅនឹងគ្រោះថ្នាក់ណាមួយ។
ជម្រាបជូនផងដែរថា ជនជាតិអ៊ីស្រាអែល ជិត ១១ ០០០ នាក់បានទៅលេងនៅលើកោះម៉ាល់ឌីវ កាលពីឆ្នាំមុន ដែលស្មើនឹងប្រមាណ ០,៦% នៃចំនួនភ្ញៀវទេសចរសរុបរបស់ប្រទេសនេះ៕