យោងតាមស្ថិតិផ្លូវការមួយ បានបង្ហាញឲ្យដឹងថា ភ្ញៀវទេសចរបរទេសជាង ៤ លាននាក់ បានមកដល់ប្រទេសឥណ្ឌូណេស៊ី ក្នុងរយ:ពេល ៤ខែដំបូង ឆ្នាំ២០២៤ នេះ ពោលគឺបានកើនឡើង ២៤,៨៥% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
បើយោងតាម លោកស្រី Amalia Adininggar Widyasanti ប្រធានស្តីទីទីភ្នាក់ងារស្ថិតិកណ្តាលរបស់ឥណ្ឌូណេស៊ី (BPS) បានឲ្យដឹងទៀតថា នេះជាការមកដល់របស់ភ្ញៀវទេសចរបរទេសក្នុងចំនួនខ្ពស់បំផុត ដែលឥណ្ឌូណេស៊ីបានកត់ត្រា ក្នុងអំឡុងខែមករា ដល់ខែមេសា ចាប់តាំងពីឆ្នាំ២០២០ មក។
គួរឲ្យដឹងថា ក្នុងខែមេសាតែមួយ ជនបរទេសជិត ១,១ លាននាក់ បានមកកាន់ប្រទេសឥណ្ឌូណេស៊ី ហើយក្នុងចំណោមនោះ នាំមុខដោយភ្ញៀវទេសចរម៉ាឡេស៊ី ចំនួន ១៧០ ៦០០ នាក់ និងតាមពីក្រោយដោយអូស្ត្រាលី ចិន និងសិង្ហបុរី។
ទន្ទឹមនឹងនេះ លោកស្រី Amalia បានបញ្ជាក់ថា ដោយសារតែមានការកើនឡើងនៃចំនួនជើងហោះហើរនៅតាមគោលដៅទេសចរណ៍សំខាន់មួយចំនួន ធ្វើឲ្យចំនួននៃការមកដល់របស់ភ្ញៀវទេសចរបរទេសក្នុងប្រទេសរបស់ខ្លួន មានការកើនឡើងខ្លាំងបែបនេះ៕