ក្រុមហ៊ុនរថយន្ត Toyota បានប្រកាសកាលពីថ្ងៃទី០៥ ខែមិថុនាថា ពួកគេនឹងវិនិយោគទឹកប្រាក់ ប្រមាណ ២៨២លានដុល្លារនៅទីក្រុង Huntsville រដ្ឋ Alabama សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ចំពោះគម្រោងវិនិយោគថ្មីនោះ ក៏បានបង្កើនឱកាសការងាររហូតដល់ ៣៥០កន្លែង នៅក្នុងទីក្រុង Huntsville ខណៈក្រុមហ៊ុន Toyota បានអះអាងថា ឱកាសការងារទាំងនោះ គឺនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ ហើយមានស្ថិរភាពថែមទៀត។
គួររំលឹកដែរថា រោងចក្រ Toyota នៅក្នុងរដ្ឋ Alabama គឺជាកន្លែងផលិតម៉ាស៊ីនរថយន្តធំបំផុតនៅទ្វីបអាមេរិកខាងជើង ដោយមានបុគ្គលិកច្រើនជាង ២ ០០០នាក់ និងអាចផលិតម៉ាស៊ីនរថយន្តរហូតដល់ ៧៧០ ០០០គ្រឿងកាលពីឆ្នាំ២០២៣។
ជម្រាបបន្ថែមថា គម្រោងវិនិយោគថ្មីនេះ បានធ្វើឲ្យក្រុមហ៊ុន Toyota បណ្ដាក់ទុនសរុបនៅក្នុងរដ្ឋ Alabama រហូតដល់ ១,៧ពាន់លានដុល្លាររួចហើយ៕