CEO នៅអាមេរិក ទទួលបានប្រាក់ឈ្នួលលើសបុគ្គលិកដល់ទៅជិត ២០០ដង

អន្តរជាតិ

សារព័ត៌មាន VN Express បានចុះផ្សាយថា តាមការស្រាវជ្រាវ ប្រាក់ឈ្នួលជាមធ្យមរបស់នាយកប្រតិបត្តិក្រុមហ៊ុន (CEO) នៅក្នុងទឹកដីសហរដ្ឋអាមេរិកទទួលបានដល់ទៅ ១៦,៣លានដុល្លារកាលពីឆ្នាំមុន ខណៈចំនួននេះវាលើសប្រាក់ឈ្នួលជាមធ្យមរបស់បុគ្គលិកដល់ទៅ ១៩៦ដងឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Equilar និង AP បានឲ្យដឹងថា CEO ដែលមានក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារហ៊ុនអាមេរិក S&P 500 មានប្រាក់ឈ្នួលកើនឡើងដល់ទៅ១២,៦% កាលពីឆ្នាំមុន ហើយបើធៀបទៅនឹងឆ្នាំ២០២២ ក៏មានការកើនឡើងផងដែរ តែត្រឹមចំនួន០,៩% ប៉ុណ្ណោះ។

នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីប Broadcom លោក Hock E. Tan គឺជា CEO ដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតនៅទឹកដីសហរដ្ឋអាមេរិក ដោយរូបលោកទទួលបានដល់ទៅចំនួន ១៦១,៨លានដុល្លារឯណោះ។

យ៉ាងណា បើធៀបនឹងបុគ្គលិកដែលធ្វើការឲ្យបណ្តាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុន S&P 500 ដូចគ្នាវិញ ជាមធ្យមទទួលបានប្រាក់ឈ្នួលចំនួន ៨១ ៥០០ដុល្លារកាលពីឆ្នាំមុន តែចំនួននេះក៏មានការកើនឡើង៥,២% ផងដែរកាលពីឆ្នាំ២០២២។ នេះមានន័យថា អនុបាតប្រាក់ខែរបស់នាយកប្រតិបត្តិ ឬនិយោជិតបានកើនឡើងពី១៨៥ ក្នុងឆ្នាំ២០២២ ដល់១៩៦ ក្នុងឆ្នាំ២០២៣ ។

ទន្ទឹមនឹង​នេះ របាយការណ៍ក៏បានរកឃើញដែរថា CEO ដែលជាស្ត្រីទទួលបានប្រាក់ឈ្នួលជាមធ្យម ១៧,៦លានដុល្លារកាលពីក្នុងឆ្នាំ២០២៣ កើនឡើង៧,៧% ច្រើនជាងសន្ទស្សន៍មធ្យមធម្មតា។ ភ្ជាប់នឹងរបាយការណ៍មួយនេះ លោកស្រី Lisas T. Su នាយកប្រតិបត្តិក្រុមហ៊ុនផ្តល់ដំណោះស្រាយកុំព្យូទ័រ Advanced Micro Devices គឺជា CEO ស្រីដែលមានប្រាក់ឈ្នួលខ្ពស់បំផុត ពោលរហូតដល់ទៅ ៣០,៣៥លានដុល្លារ។

គួរឲ្យដឹងដែរថា ប្រាក់ឈ្នួលរបស់ CEO មានចំនួនដ៏ច្រើនសម្បើមដូច្នេះ គឺកើតឡើងនៅពេលណាដែលសេដ្ឋកិច្ចបង្ហាញពីភាពធន់ ប្រាក់ចំណេញក៏មានការកើនឡើងកប់ពពក រី​ឯភាគហ៊ុនមានការកើនឡើងខ្ពស់ជាដើម៕