ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ (DSCA) បាននិយាយកាលពីថ្ងៃទី៥ ខែមិថុនាថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័ត ចំពោះការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 ទៅឲ្យកោះតៃវ៉ាន់ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៨០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ទីភ្នាក់ងារ DSCA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចលក់គ្រឿងបន្លាស់ទៅឲ្យតៃវ៉ាន់ គឺនឹងអាចជួយកែលម្អសន្តិសុខ ជួយរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់ជាដើម។
តបទៅនឹងការសម្រេចចិត្តនេះ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក ដោយលើកឡើងថា វានឹងអាចជួយជំរុញតម្រូវការប្រយុទ្ធ និងការពារកងទ័ពអាកាសរបស់ខ្លួន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសភានៅថ្ងៃទី៦ មិថុនា រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Wellington Koo បានលើកឡើងថា តៃវ៉ាន់ត្រូវតែបង្កើនសមត្ថភាពការពាររបស់ខ្លួន ដើម្បីជាផ្នែកមួយក្នុងការទប់ទល់ប្រកបដោយប្រសិទ្ធភាព ក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។
ជម្រាបដែរថា ប្រទេសចិនតែងតែងទាមទារម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់រាល់ការលក់សព្វាវុធទៅកាន់កោះតៃវ៉ាន់ ដ្បិតចិនតែងតែអះអាងថាជាទឹកដីរបស់ខ្លួន ខណៈក្រុងតៃប៉ិឯណោះវិញជំទាស់ដាច់អហឹង្ការ ប្រកាន់ជំហរចង់បានឯករាជ្យភាពពេញលេញដូចគេដូចឯងលើឆាកអន្តរជាតិ៕