ឥណ្ឌា និងរុស្ស៊ី សង្ឃឹមថាឥណ្ឌូណេស៊ី នឹងចូលរួមជាមួយក្រុមប្រទេស BRICS ថ្ងៃណាមួយ

អន្តរជាតិ

អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌា និងរុស្ស៊ី បានបង្ហាញពីក្តីសង្ឃឹមក្នុងការមើលឃើញឥណ្ឌូណេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមជាមួយក្រុម BRICS នៅថ្ងៃណាមួយ ដើម្បីផ្តល់ឲ្យប្លុកនេះ កាន់តែមានឈ្មោះបោះសម្លេងនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំប្រទេសឥណ្ឌា លោកស្រី Ina Krisnamurthi បានប្រាប់ទៅកាន់កាសែត The Jakarta Post កាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញពីការដឹកនាំរបស់ខ្លួន តាមរយៈតួនាទីសំខាន់ៗដូចជាប្រធានក្រុមប្រទេស G20 សម្រាប់ឆ្នាំ២០២២ ជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣ និងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទឹកពិភពលោកនាពេលថ្មីៗនេះ ផងដែរ។

លោកស្រី Ina ក៏បាននិយាយបន្ថែមទៀតថា ៖ “ឥណ្ឌាមានក្តីសង្ឃឹមខ្ពស់ថា ឥណ្ឌូណេស៊ីអាចចូលរួមជាមួយក្រុមប្រទេស BRICS បាន ពីព្រោះឥណ្ឌាមើលឃើញថាឥណ្ឌូណេស៊ី ជាមហាអំណាចដ៏ធំមួយ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។

ស្រដៀងគ្នានេះដែរ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅប្រទេសរុស្ស៊ី លោក Jose Tavares ក៏បាននិយាយអំពីអត្ថប្រយោជន៍ដ៏មានសក្តានុពលនៃសមាជិកភាពរបស់ឥណ្ឌូណេស៊ី នៅក្នុងប្លុកនេះផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងលោកស្រី Ina និងលោក Jose បានកត់សម្គាល់ផងដែរថា បច្ចុប្បន្នមិនទាន់មានការជំរុញជាផ្លូវការណាមួយពីសំណាក់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធភាពក្នុងការចូលរួមជាមួយក្រុម BRICS នេះ នៅឡើយនោះទេ។

ជម្រាបជូនផងដែរថា BRICS ដែលសំដៅទៅលើប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង បានសន្យាថានឹងប្តេជ្ញាគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជានាំយកសមាជិកថ្មីពីប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងទៀត នៅលើពិភពលោក៕