វិមានក្រឹមឡាំង៖ ចិនកំពុងទទួលការគម្រាមកំហែងពីអាមេរិក ជុំវិញការនាំចេញទំនិញមករុស្ស៊ី

អន្តរជាតិ

កាលពីថ្ងៃទី០៦ ខែមិថុនា វិមានក្រឹមឡាំងបានអះអាងថា សហរដ្ឋអាមេរិកកំពុងបង្កការគម្រាមកំហែង ដល់ប្រទេសចិន ជុំវិញការនាំចេញទំនិញមកកាន់ប្រទេសរុស្ស៊ី ដោយគម្រាមថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមហាអំណាចអាស៊ីមួយនេះ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា ការលើកឡើងរបស់សហរដ្ឋអាមេរិក ដោយយកទណ្ឌកម្មសេដ្ឋកិច្ចមកគាបសង្កត់ចិន គឺជារឿងដែលមិនអាចទទួលយកបាន ទាំងដែលការធ្វើពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី គឺជារឿងធម្មតាសោះ។

គួររំលឹកបន្តិចថា អាមេរិកបានចោទប្រកាន់ចិនថា កំពុងផ្គត់ផ្គង់ទំនិញមួយចំនួន ដែលអាចប្រើប្រាស់បានទាំងជនស៊ីវិល និងក្នុងវិស័យយោធា ហើយអះអាងទៀតថា ទំនិញទាំងនោះគឺកំពុងជួយដល់រុស្ស៊ី ក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។

សូមជម្រាបបន្ថែមថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី គឺមានភាពរឹងមាំខ្លាំងណាស់ ពោលពាណិជ្ជកម្មទ្វេភាគី គឺអាចសម្រេចបានរហូតដល់ ២៤០ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ ស្របពេលមេដឹកនាំកំពូលចិន ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ក៏បានចាត់ទុកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាដៃគូពាណិជ្ជកម្មគ្មានដែនកំណត់ថែមទៀត៕