ទ្រព្យសម្បត្តិមេធំក្រុមហ៊ុនបន្ទះឈីប Nvidia កើនឡើងលើស ១០០ពាន់លានដុល្លារ ជាលើកដំបូង

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់លោក Jensen Huang ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia បានកើនឡើងលើសពី ១០០ពាន់លានដុល្លារ ជាលើកដំបូង បន្ទាប់ពីតម្លៃភាគហ៊ុនក្នុងក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សនេះ ហក់ឡើងយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមទិន្នន័យទទួលបានពីសារព័ត៌មាន​ Bloomberg បានបង្ហាញឲ្យដឹងថាទ្រព្យសម្បត្តិសរុបរបស់លោក Huang បានឈានដល់កម្រិតកំពូលថ្មីមួយ នៅក្នុងចំនួន ១០៧ពាន់លានដុល្លារ កាលពីថ្ងៃព្រហ្បតិ៍សប្តាហ៍នេះ មុនពេលធ្លាក់ចុះមកនៅត្រឹម ១០៦ពាន់លានដុល្លារវិញ កាលពីថ្ងៃសុក្រ។

គួរឲ្យដឹងផងដែរថា ទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុន Nvidia រូបនេះ បានកើនឡើងដល់ ១៤១% នៅក្នុងឆ្នាំនេះ និងថែមទាំងបានធ្វើឲ្យលោក ជាប់ឈ្មោះនៅក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតទី១៣ នៅលើពិភពលោក ផងដែរ។

ជុំវិញការកើនឡើងទ្រព្យសម្បត្តិដ៏ច្រើនសម្បើមរបស់លោក Huang បានកើតឡើង បន្ទាប់ Nvidia នៅសប្តាហ៍នេះ បានក្លាយជាក្រុមហ៊ុនទីបីរបស់សហរដ្ឋអាមេរិកដែលឈានដល់តម្លៃទីផ្សារ ៣ទ្រីលានដុល្លារ និងថែមទាំងបានវ៉ាដាច់ក្រុមហ៊ុន Apple ដើម្បីឈរនៅលេខរៀងទី២ ក្នុងនាមជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក បន្ទាប់ពី Microsoft ផងដែរ។

សូមជម្រាបថាលោក Huang បានបង្កើតក្រុមហ៊ុន Nvidia ដំបូង នៅក្នុងឆ្នាំ១៩៩៣ ដើម្បីផលិតបន្ទះឈីបដែលដំណើរការនៅក្នុងហ្គេមប៉ុណ្ណោះ ប៉ុន្តែក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែភាពរីកចម្រើននៃកម្មវិធី AI បានធ្វើឲ្យតម្រូវការបន្ទះឈីបរបស់ Nvidia មានការកើនឡើងខ្លាំង ដោយបច្ចុប្បន្ន Nvidia បានដណ្តើមចំណែកទីផ្សារដល់ទៅ ៨០% នៃបន្ទះឈីប AI របស់ពិភពលោក៕