លោក Narendra Modi បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌាអាណត្តិទី០៣ជាប់ៗគ្នា កាលពីថ្ងៃទី០៩ ខែមិថុនា ខណៈក្រុមអ្នកសង្កេតនយោបាយនៅឥណ្ឌា កំពុងឃ្លាំមើលសមត្ថភាពនៃការដឹកនាំប្រទេសរបស់លោកសារជាថ្មី។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមអ្នកសង្កេតនយោបាយនៅឥណ្ឌាអះអាងថា បើទោះជាលោក Modi ធ្លាប់មានស្នាដៃច្រើន ជួយដល់កំណើនសេដ្ឋកិច្ចឥណ្ឌាខ្លាំងបែបណាក៏ដោយ ក៏ប៉ុន្តែបញ្ហាធំៗនៅក្នុងប្រទេសដូចជា កង្វះការងារ កង្វះផ្ទះសម្បែង អត្រាអតិផរណា និងកត្តាប្រាក់ចំណូលទាប គឺនៅមិនទាន់មានដំណោះស្រាយល្អឡើយ។
ទោះជាយ៉ាងណា អំឡុងពេលស្បថចូលកាន់តំណែងនោះ នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានបញ្ជាក់ដែរថា រូបលោកនឹងព្យាយាមដោះស្រាយបញ្ហាក្នុងសង្គម នៃប្រទេសដែលមានប្រជាជនរស់នៅច្រើនបំផុតលើលោក ឲ្យអស់ពីសមត្ថភាពផងដែរ។
សូមជម្រាបដែរថា លោក Narendra Modi គឺជានាយករដ្ឋមន្ត្រីឥណ្ឌា ដែលបាននឹងកំពុងដឹកនាំប្រទេសយូរបំផុតមួយរូប ប្រចាំប្រវត្តិសាស្ត្រ ដោយគិតត្រឹមអាណត្តិថ្មីនេះ រូបលោកបានដឹកនាំប្រទេសឥណ្ឌារយៈពេលជាង ១០ឆ្នាំមកហើយ៕