បច្ចុប្បន្នទំនិញដែលផលិតនៅប្រទេសវៀតណាម ហាក់កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទីផ្សារអន្តរជាតិ តួយ៉ាងក្រុមហ៊ុនអាមេរិកធំៗដូចជា Walmart, Amazon និង Miniso ជាដើម សុទ្ធតែកំពុងសម្រុកបង្កើនការបញ្ជាទិញទំនិញពីវៀតណាមខ្លាំងណាស់។
យោងតាមការចុះផ្សាយពីគេហទំព័រ VNExpress បានបង្ហាញថា ក្រុមហ៊ុនលក់ទំនិញរាយខ្នាតយក្ស Walmart កំពុងដាក់លក់ផលិតផលវៀតណាម រាប់ចាប់តាំងពីផលិតផលហ្វេសសិន គ្រឿងអេឡិចត្រូនិកជាដើម នៅតាមបណ្ដាសាខារបស់ខ្លួនដូចជានៅអាមេរិក កាណាដា ម៉ិកស៊ិក ឈីលី និងប្រទេសចិនជាដើម។
ជាមួយគ្នា ក្រុមហ៊ុន Amazon វិញក៏បានបង្ហាញដែរថា ទំនិញវៀតណាម ដែលកំពុងចរាចរណ៍លើកទីផ្សារអនឡាញរបស់ខ្លួននោះ គឺមានកំណើនរហូតដល់ទៅជាង ៣០០% ឯណោះ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងស្វែងរកដៃគូសហការបន្ថែមទៀតនៅប្រទេសវៀតណាម។
សូមជម្រាបបន្ថែមថា ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤ ការនាំចេញរបស់វៀតណាម មានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺមានកំណើនដល់ទៅ ១៥% បើធៀបនឹងឆ្នាំទៅ ដែលសម្រេចបានប្រហែល ១៥៦,៥ពាន់លានដុល្លារ៕