ប្រជាជនអ៊ីតាលីរិះគន់កូនពៅមហាសេដ្ឋីមានជាងគេនៅអាស៊ី បន្ទាប់ពីបង្កការរំខានអំឡុងប្រារព្ធពីធី Pre-Wedding

អន្តរជាតិ

កម្មវិធី Pre-Wedding លើកប៉ាល់ទេសចរណ៍របស់កូនប្រុសមហាសេដ្ឋីឥណ្ឌា Mukesh Ambani គឺលោក Anant Ambani និងអនាគតកូនប្រសារស្រី Radhika Merchant បានបង្កជាការខឹងសម្បារយ៉ាងខ្លាំងដល់អ្នកទេសចរ និងប្រជាជនអ៊ីតាលីដែលរស់នៅតំបន់ក្បែរកប៉ាល់របស់លោកចត ក៏ព្រោះតែសម្លេងបាសបានបើករំខាន ហើយមានការរឹតបន្តឹងមិនឲ្យមានគេចូលទៅកាន់តំបន់គោលដៅទេសចរណ៍ដ៏ពេញនិយមនោះថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន The Independent បានចុះផ្សាយថា អ្នកភូមិនៅក្នុងសង្កាត់ Portofino បានរាយការណ៍មកថា ដោយសារកម្មវិធីរបស់អ្នកទាំងពីរ ឆកសមុទ្រទាំងមូលបានហាមប្រាមមិនឲ្យមានគេចូលទៅដល់បាន។ ការត្អូញត្អែរកាន់តែខ្លាំងដូច្នេះ គឺបន្ទាប់ពីមានការប្រៀបធៀបថា ពីមុនក៏មានរៀបចំពិធីអាពាហ៍ពិពាហ៍របស់តារាល្បីៗជាច្រើនដួងផងដែរ តួយ៉ាងតារាចម្រៀងអូស្ត្រាលី Sia ក៏ដូចជា Kourtney Kardashian ជាដើមសុទ្ធសឹងតែប្រារព្ធធ្វើនៅទីនោះ តែដូចជាមិនមែនបិទតំបន់ទាំងស្រុង មិនឲ្យគេទៅកម្សាន្តដូចកម្មវិធីមួយនេះនោះទេ។

លើសពីនោះ នៅទីក្រុង Genoa អ្នកស្រុកបានរាយការណ៍មកថា ពួកគេគេងមិនលក់ទាល់តែសោះ ដោយសារសម្លេងតន្ត្រីបានចាក់លាន់សន្ធាប់ចេញពីកប៉ាល់របស់លោក Anant ។ អ្នកពន្លត់អគ្គីភ័យក្នុងតំបន់ម្នាក់ក៏បានរាយការណ៍ផងដែរថា ឆ្មាំឆ្នេរមិនបានចេញមកអន្តរាគមន៍អីបន្តិចសោះ បើទោះជាអ្នកភូមិបានរិះគន់ និងសុំជំនួយតាំងពីម៉ោង៤ និង៣០នាទីទៀបភ្លឺ សម្រាប់ដោះស្រាយបញ្ហាមួយនេះក៏ដោយ។

គួរបញ្ជាក់ថា កម្មវិធី Pre-Wedding ដ៏អធិកអធមនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅលើកប៉ាល់ទេសចរណ៍ Celebrity Ascent ដែលធ្វើដំណើរក្នុងរយៈចម្ងាយ ៤ ៣៨០គីឡូម៉ែត្រពីទីក្រុង Palermo របស់ប្រទេសអ៊ីតាលីកាលពីថ្ងៃទី២៩ ឧសភា ឆ្ពោះទៅកាន់គោលដៅនៅភាគខាងត្បូងនៃប្រទេសបារាំង។

កាសែត The Times of India ក៏បានឲ្យដឹងដែរថា កម្មវិធី Pre-Wedding លើកទីពីរនេះនឹងចំណាយទឹកប្រាក់អស់ប្រមាណ ១៤៤លានដុល្លារអាមេរិក ខណៈកាលពីលើកទីមួយ ពួកគេបានចំណាយទឹកប្រាក់អស់ខ្ទង់ប្រមាណ ១៥៣,៦លានដុល្លារនៅទីក្រុង Jamnagar ប្រទេសឥណ្ឌា។

សូមជម្រាបដែរថា លោក Anant បច្ចុប្បន្នមានវ័យ ២៨ឆ្នាំជាកូនប្រុសពៅរបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី លោក Mukesh Ambani ដែលមានទ្រព្យសម្បត្តិជាង ១១៥ពាន់លានដុល្លារ ខណៈអនាគតភរិយាអ្នកនាង Radhika មានអាយុ ២៩ឆ្នាំជាកូនស្រីរបស់លោក Shri Viren Merchant ដែលជា CEO នៃក្រុមហ៊ុនថែទាំសុខភាពឈានមុខគេនៅឥណ្ឌា Encore Healthcare៕