លោក ពូទីន កំពុងស្នើឲ្យក្រុមហ៊ុនធំៗក្នុងស្រុក ផ្លាស់ប្តូរទីស្នាក់កណ្តាលចេញពីទីក្រុងម៉ូស្គូ

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយស្នើសុំឲ្យក្រុមហ៊ុនធំៗ ផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួន ទៅកាន់តំបន់ផ្សេង នៅខាងក្រៅទីក្រុងម៉ូស្គូ ដើម្បីផ្តល់ឱកាសសេដ្ឋកិច្ច និងជួយសម្រួលដល់ការខ្វះខាតកម្លាំងពលកម្មនៅតំបន់ទាំងនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Businesstimes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបានកំណត់នូវមហិច្ឆតាជាច្រើនដើម្បីពង្រីកទំហំសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី លោក ពូទីន កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវផែនការ ដូចជាការកាត់បន្ថយការនាំចូល រួមទាំងជំរុញឲ្យមានការប្រើប្រាស់រូបិយប័ណ្ណដែលមិនមែនជារបស់ប្រទេសលោកខាងលិច ក្នុងការដោះស្រាយពាណិជ្ជកម្ម និងអំពាវនាវឲ្យមានការពង្រីកទីផ្សារហិរញ្ញវត្ថុ ក្នុងស្រុក ផងដែរ។

ទន្ទឹមនឹងនេះ លោក ពូទីន បាននិយាយបន្ថែមទៀតថាបច្ចុប្បន្ន ផែនការក្នុងការផ្លាស់ប្តូរការិយាល័យកណ្តាលនៃក្រុមហ៊ុនសាជីវកម្មធំៗ និងក្រុមហ៊ុនរដ្ឋ ទៅកាន់តំបន់នៅខាងក្រៅទីក្រុងម៉ូស្គូ កំពុងត្រូវបានពិភាក្សា ដោយសារតែតំបន់នៅខាងក្រៅរដ្ឋធានីរុស្ស៊ី ត្រូវការឱកាសសេដ្ឋកិច្ចកាន់តែច្រើន។

ជាមួយគ្នានេះ លោក ពូទីន ក៏បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិដែលបានរៀបចំធ្វើឡើងនៅទីក្រុង St Petersburg កាលពីពេលថ្មីៗកន្លងទៅថា ៖ “គំនិតនៃការផ្លាស់ប្តូរទីស្នាក់ការកណ្តាលនេះ ពិតជាចាំបាច់ត្រូវដោះស្រាយ ហើយវាសមនឹងទទួលបានការយកចិត្តទុកដាក់ និងការគាំទ្របន្ថែម ដើម្បីអាចធ្វើឲ្យដំណើរការទៅបាន”។

ប្រធានាធិបតីរុស្ស៊ី​រូបនេះ បានបង្ហាញការកោតសរសើរយ៉ាងខ្លាំង ចំពោះ RusHydro ដែលជាក្រុមហ៊ុនផលិតថាមពលវារីអគ្គិសនីដ៏ធំបំផុតមួយរបស់ពិភពលោក ដែលកំពុងផ្លាស់ប្តូរការងារចំនួន ១ ៥០០ ពីទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងម៉ូស្គូ ទៅកាន់តំបន់ Krasnoyarsk ជំនួសវិញ ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចបន្ថែមនៅទីនោះ៕