យោងតាមសារព័ត៌មានហិរញ្ញវត្ថុរបស់អ៊ីស្រាអែល Calcalist បានរាយការណ៍កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនាកន្លងទៅថា ក្រុមហ៊ុន Intel Corp កំពុងពិចារណាផ្អាកផែនការក្នុងការសាងសង់រោងចក្រតម្លៃ ២៥ពាន់លានដុល្លាររបស់ខ្លួន នៅក្នុងប្រទេសអ៊ីស្រាអែល។
ជុំវិញការប្រកាសផ្អាកគម្រោងនេះ ក្រុមហ៊ុន Intel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”អ៊ីស្រាអែលនៅតែជាកន្លែងផលិត និងស្រាវជ្រាវសកលដ៏សំខាន់មួយរបស់យើង ហើយយើងនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះតំបន់នេះ”។
“ការគ្រប់គ្រងលើគម្រោងខ្នាតយក្សណាមួយ ជាពិសេសនៅក្នុងឧស្សាហកម្មរបស់យើង ចាំបាច់ត្រូវតែមានការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរពេលវេលា។ ហើយចំពោះការសម្រេចចិត្តរបស់យើងក្នុងការផ្អាកគម្រោងនេះ គឺផ្អែកលើលក្ខខណ្ឌអាជីវកម្ម សក្ដានុពលទីផ្សារ និងការគ្រប់គ្រងដើមទុនប្រកបដោយការទទួលខុសត្រូវ”។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រុមហ៊ុន Intel ។
រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំមុន បានយល់ព្រមផ្តល់ឲ្យក្រុមហ៊ុន Intel នូវជំនួយជាទឹកប្រាក់ចំនួន ៣,២ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបមួយដែលមានតម្លៃដល់ទៅ ២៥ពាន់លានដុល្លារ ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល។
ជម្រាបជូនផងដែរថា បច្ចុប្បន្នក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិកមួយនេះ កំពុងប្រតិបត្តិការកន្លែងអភិវឌ្ឍ និងផលិតកម្មចំនួនបួន ក្នុងប្រទេសអ៊ីស្រាអែល ដោយមានបុគ្គលិកសរុបជិត ១២ ០០០ នាក់៕