ក្រុមហ៊ុនអាកាសចរណ៍របស់កូរ៉េខាងត្បូង Start up Moviation បានចាប់ផ្តើមដាក់ដំណើរការសេវាតាក់ស៊ីប្រើប្រាស់ឧទ្ធម្ភាគចក្រ Vonaer ដែលមានផ្លូវរត់ពីសង្កាត់ Gangnam នៃទីក្រុងសេអ៊ូលទៅកាន់អាកាសយានដ្ឋាន ខណៈសេវាកម្មបានកាត់បន្ថយពេលវេលានៃការធ្វើដំណើរក្នុងរយៈ ២ម៉ោងមកនៅត្រឹម ២០នាទីប៉ុណ្ណោះ។

ក្រុមហ៊ុនបានប្រាប់ទៅកាន់សារព័ត៌មាន AFP ថា នៅរយៈពេល ៦ខែនៃការសាកល្បង សេវាកម្មតាក់ស៊ីតាមឧទ្ធម្ភាចក្រមួយនេះ កំពុងតែមានផ្លូវហោះមួយខ្សែប៉ុណ្ណោះ ពោលពីសង្កាត់ Gangnam នៃទីក្រុងសេអ៊ូលទៅកាន់អាកាសយានដ្ឋាន ដោយនឹងយកតម្លៃខ្ទង់ ៤៤០ ០០០វ៉ុន (៣២០ដុល្លារ) ក្នុងការធ្វើដំណើរម្តងដែលមានរយៈពេលមួយម៉ោង។ លើសពីនោះក្រុមហ៊ុនក៏នឹងពង្រីកសេវាកម្មទូទាំងប្រទេស ដោយនឹងមានផ្លូវហោះហើរពីទីក្រុងសេអ៊ូលទៅកាន់ភាគខាងត្បូងនៃទីក្រុងប៊ូសាន ដែលមានតម្លៃ ១៨លានវ៉ុន (១៣ ០០០ដុល្លារ)។

គួរជម្រាបថា ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏ធំបំផុតរបស់កូរ៉េខាងត្បូងមួយទៀត SK Telecom ក៏ធ្លាប់បានបង្ហាញនូវរថយន្តតាក់ស៊ីហោះលើអាកាសផងដែរកាលពីឆ្នាំមុន ខណៈគម្រោងការនេះខ្លួនសង្ឃឹមថា នឹងអាចជួយដោះស្រាយបញ្ហាកកស្ទះក្នុងទីក្រុងនានារបស់ប្រទេសកូរ៉េខាងត្បូងឲ្យបានល្អប្រសើរជាងមុន៕