នាយករដ្ឋមន្ត្រី Li Qiang នឹងក្លាយជាមេដឹកនាំចិនជាន់ខ្ពស់ដំបូងបង្អស់ ដែលនឹងបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Bloomberg។
លោក Li នឹងធ្វើដំណើរទៅកាន់ទីក្រុង Adelaide, Canberra និងទីក្រុង Perth សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ខណៈវាគឺជាការបំពេញទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្ត្រីចិន ពោលដំណើរទស្សនកិច្ចចុងក្រោយរបស់ថ្នាក់ដឹកនាំចិនទៅកាន់អូស្ត្រាលី កើតឡើងពីឆ្នាំ២០១៧ ដោយគ្រានោះ លោក Li Keqiang នៅដឹកនាំប្រទេសចិននៅឡើយ។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន ទៅកាន់ប្រទេសអូស្ត្រាលី នឹងមានការពិភាក្សាគ្នា លើការធ្វើពាណិជ្ជកម្មទ្វេភាគី ពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អជាងមុន ក៏ដូចជាជជែកពីគម្រោងវិនិយោគផ្សេងៗ ដើម្បីផ្ដល់ផលប្រយោជន៍រវាងប្រទេសទាំង២ផងដែរ។
គួររំលឹកបន្តិចថា លោក Li Qiang នឹងធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីនាថ្ងៃទី១៥ ខែមិថុនាខាងមុខ ដោយគ្រោងបញ្ចប់ភារកិច្ចនៅប្រទេសអូស្ត្រាលីត្រឹមថ្ងៃទី១៨ ខែមិថុនា៕