កាលពីថ្ងៃទី១១ ខែមិថុនា សហរដ្ឋអាមេរិកបានបង្ហើបថា នឹងត្រៀមប្រកាសពីទណ្ឌកម្មសេដ្ឋកិច្ចថ្មី ដែលមានឥទ្ធិពលខ្លាំង ក៏ដូចជាគ្រប់គ្រងលើការនាំចេញរបស់រុស្ស៊ីថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការប្រកាសជាផ្លូវការទាក់ទងនឹងទណ្ឌកម្មសេដ្ឋកិច្ចថ្មីនោះ នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំ G7 ដែលរៀបចំនៅក្នុងប្រទេសអ៊ីតាលីក្នុងសប្ដាហ៍នេះ។
គួររំលឹកបន្តិចថា សហរដ្ឋអាមេរិក និងមហាអំណាចសេដ្ឋកិច្ចធំៗនៅលោកខាងលិច បានបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានចូលទឹកដីអ៊ុយក្រែនកាលពីឆ្នាំ២០២២។
ជម្រាបបន្ថែមថា ក្នុងចំណោមទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ ការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី គឺជាទណ្ឌកម្មសេដ្ឋកិច្ចធំបំផុតមួយ ពោលបច្ចុប្បន្នលោកខាងលិចបានបង្កកទ្រព្យសម្បត្តិរុស្ស៊ី ប្រមាណ ៣០០ពាន់លានដុល្លារឯណោះ៕