តុលាការធម្មនុញ្ញថៃ គ្រោងបើកសវនាការលើសំណុំរឿងដកតំណែងនាយករដ្ឋមន្ត្រី និងរំលាយបក្សឆ្ពោះទៅមុខ នៅសប្តាហ៍ក្រោយ

អន្តរជាតិ

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃពុធ ទី១២ ខែមិថុនានេះថា ខ្លួននឹងបើកសវនាការលើសំណុំរឿងធំៗមួយចំនួន រួមទាំងករណីដែលអាចឈានដល់ការដកតំណែងនាយករដ្ឋមន្ត្រី លោក Srettha Thavisin ផងដែរ នាថ្ងៃទី១៨ ខែមិថុនា សប្តាហ៍ក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញថៃ បាននិយាយថា ខ្លួននឹងបើកសវនាការលើសំណុំរឿងរបស់លោក Srettha បន្ទាប់ពីវាបានកើតចេញពីពាក្យបណ្តឹងរបស់សមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយរបបយោធាចំនួន ៤០ នាក់ កាលពីខែឧសភា ដោយបានចោទប្រកាន់ថានាយករដ្ឋមន្ត្រីរូបនេះ បានបំពានទៅលើច្បាប់រដ្ឋធម្មនុញ្ញ ចំពោះការតែងតាំងគណ:រដ្ឋមន្ត្រីដែលធ្លាប់មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ នៅក្នុង​ជួរ​រដ្ឋាភិបាលរបស់លោក។

ជាមួយគ្នានេះ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ ក៏បានជ្រើសរើសយកថ្ងៃទី១៨ ខែមិថុនា ដែលទៅនឹងថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីបើកសវនាការទៅលើសំណុំរឿងដែលទទួលបានពាក្យបណ្តឹងដោយគណ:កម្មាធិការរៀបចំការបោះឆ្នោត (EC) ដែលកំពុងស្នើឲ្យមានការរំលាយគណបក្សឆ្ពោះទៅមុខ (MFP) ចោល ផងដែរ។

កាល​ពី​ខែ​មីនា គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោតរបស់ប្រទេសថៃ បាន​ដាក់​ញត្តិ​សុំ​ឲ្យ​តុលាការ​សម្រេច​រំលាយ​គណបក្សគណបក្សឆ្ពោះទៅមុខ ដោយសារតែបក្សនេះមានបំណងធ្វើកំណែទម្រង់ទៅលើមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រ ដែលនេះបានបង្ហាញពីចេតនាធ្វើឲ្យខូចដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។

ជម្រាបជូនផងដែរថា គណបក្សគណបក្សឆ្ពោះទៅមុខ ជាបក្សដែលបានឈ្នះអាសន:ច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល កាលពីឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងក៏ដោយពួកគេបានបរាជ័យ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដោយសារតែមានការជំទាស់ពីក្រុមសមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់បក្សអភិរក្សនិយម៕