មហាសេដ្ឋីអាមេរិក Elon Musk ត្រូវបានប្ដឹងដោយអតីតបុគ្គលិកក្រុមហ៊ុន SpaceX ចំនួន ៨នាក់ កាលពីថ្ងៃទី១២ ខែមិថុនា ដោយពួកគេចោទប្រកាន់ថា CEO ម្នាក់នេះ បានបៀតបៀនផ្លូវភេទ និងរើសអើងភេទ អំឡុងពេលពួកគេធ្វើការនៅទីនោះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ពាក្យបណ្ដឹងរបស់អតីតបុគ្គលិក ៨រូប ដែលត្រូវបានបញ្ឈប់កាលពីឆ្នាំ២០២២ បានចោទ Elon Musk ថា បានបៀតបៀនបុគ្គលិកស្រីជាច្រើនរូបដូចជា វាយតម្លៃការងាររបស់ពួកគេ តាមទំហំដើមទ្រូង និងបង្ខំបុគ្គលិកម្នាក់ឲ្យរួមដំណេកជាមួយលោកថែមទៀត។
គួររំលឹកបន្តិចថា បុគ្គលទាំង ៨រូបនោះ ក៏ធ្លាប់សរសេរលិខិតរិះគន់ Elon Musk ជាសាធារណៈម្ដងដែរ កាលពីឆ្នាំ២០២២ ហើយក៏ត្រូវបានក្រុមហ៊ុនបណ្ដេញពួកគេចេញភ្លាមៗ ដោយអះអាងថា ពួកគេបានធ្វើឲ្យបុគ្គលិកផ្សេងពិបាកក្នុងការធ្វើការ និងបានធ្វើឲ្យខូចមុខមាត់ក្រុមហ៊ុន។
សូមជម្រាបបន្ថែមថា ជុំវិញការចោទប្រកាន់នេះ ប្រធានផ្នែក HR នៅក្នុងក្រុមហ៊ុន SpaceX ក៏បានចេញមុខការពារចៅហ្វាយនាយរបស់ខ្លួន ដោយអះអាងថា ការលើកឡើងទាំងនោះមិនមែនជារឿងពិតឡើយ ខណៈម្ចាស់បណ្ដឹងចង់បានសំណងជាទឹកប្រាក់ជាច្រើន តែមិនបញ្ជាក់ពីចំនួនជាក់លាក់ឡើយ៕