ប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y. Lee នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនានេះ បានជួបប្រជុំជាមួយប្រធានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Meta, Qualcomm និង Amazon ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជាបញ្ញាសិប្បនិម្មិត សេវាកម្ម Cloud និងបន្ទះឈីប អំឡុងដំណើរទស្សនកិច្ចរយៈពេលពីរសប្តាហ៍ នៅទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta បានអញ្ជើញលោក Jay Y. Lee ទៅកាន់ផ្ទះរបស់ខ្លួន ដើម្បីពិភាក្សាជុំវិញការពង្រីកទៅលើប្រព័ន្ធ AI បន្ថែមទៀត។
ជាមួយគ្នានេះ លោក Lee ក៏បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qualcomm លោក Cristiano Amon ផងដែរ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងឧបករណ៍អេឡិចត្រូនិក រួមទាំងបន្ទះឈីបអង្គចងចាំ រួមទាំងសេវាកម្ម Cloud ជាដើម។
គួរឲ្យដឹងថា Amazon គឺជាអតិថិជនដ៏សំខាន់មួយរបស់ក្រុមហ៊ុន Samsung សម្រាប់ផលិតផលបន្ទះឈីប ដោយក្រុមហ៊ុនទាំងពីរក៏បានធ្វើការជាមួយគ្នា ក្នុងវិស័យផ្សេងៗទៀត ដូចជាទូរទស្សន៍ ទូរស័ព្ទ និងការផលិតមាតិកា ជាដើម។
ទន្ទឹមនឹងនេះ ស្មាតហ្វូនស៊េរីខ្ពស់ៗរបស់ក្រុមហ៊ុន Samsung ក៏បានបំពាក់នូវបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm ផងដែរ ហើយថ្មីៗនេះក្រុមហ៊ុនទាំងពីរ បានពង្រីកភាពជាដៃគូ ទៅដល់ផលិតផលកុំព្យូទ័របន្ថែមទៀតជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ AI ។
ជម្រាបជូនថា Meta ក៏ជាអតិថិជនដ៏សំខាន់សម្រាប់បន្ទះឈីបរបស់ Samsung ផងដែរ និងថែមទាំងបានចាប់ដៃធ្វើការជាមួយ Samsung នៅលើប្រភេទកាស Gear VR និងស្មាតហ្វូនដែលអាចបត់បាន៕