ម្ចាស់ភាគហ៊ុន Tesla បានឯកភាពគ្នា លើការសម្រេចផ្ដល់កញ្ចប់ទឹកប្រាក់ ៥៦ពាន់លានដុល្លារ សម្រាប់មហាសេដ្ឋី Elon Musk ដើម្បីអាចឲ្យ CEO ម្នាក់នេះ ផ្តោតសំខាន់លើការរកប្រាក់ចំណូលបន្ថែមទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការឯកភាពគ្នានេះ គឺភាគច្រើនទទួលបានពីម្ចាស់ភាគហ៊ុនខ្នាតតូច ដែលជាអ្នកគាំទ្រផ្កាប់មុខរបស់មហាសេដ្ឋី Elon Musk ហើយបើទោះជាម្ចាស់ភាគហ៊ុនធំៗមួយចំនួនមិនពេញចិត្ត ក៏សំណើមួយនេះត្រូវបានជាប់ ដោយសារមានការគាំទ្រសម្លេងភាគច្រើន។
បើទោះជា Elon Musk ទទួលបានការគាំទ្រពីក្រុមម្ចាស់ភាគហ៊ុនក្ដី ក៏ប៉ុន្តែដើម្បីអាចទទួលបានទឹកប្រាក់នេះបាន មេធំ Tesla ចាំបាច់ត្រូវឆ្លងកាត់ឧបសគ្គមួយទៀត គឺការតវ៉ាក្ដីនៅតុលាការ Delaware ដែលអ្នកជំនាញយល់ថា វានឹងអាចអូសបន្លាយពេលដល់រាប់ខែឯណោះ។
សូមជម្រាបដែរថា ក្រុមម្ចាស់ភាគហ៊ុនអះអាងថា ការដែលពួកគេព្រមព្រៀងផ្ដល់កញ្ចប់ទឹកប្រាក់ ៥៦ពាន់លានដុល្លារ ដល់មហាសេដ្ឋីរូបនេះ គឺដោយសារកន្លងមក Elon Musk ជាសសរទ្រូងនៃក្រុមហ៊ុន ហើយលោកគួរតែទទួលបាននូវការលើកទឹកចិត្តបែបនេះ៕