ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុង និងប្រទេសអារ៉ាប់រួមមួយចំនួន ត្រូវបានសហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មលើ ក្រោយមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Polyus ដែលជាក្រុមហ៊ុនរុករករ៉ែមាសដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ ទី១២ ខែមិថុនាកន្លងទៅថា ក្រុមហ៊ុនដែលស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មថ្មីនេះ មានដូចជា Holden International Trading Ltd , Taube Precious HK Ltd និង VPower Finance Security Hong Kong Ltd ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង សុទ្ធសឹងតែជាប់ទាក់ទងជាមួយនឹងការទូទាត់ ការជួញដូរ និងការដឹកជញ្ជូនមាស ដែលផលិតដោយក្រុមហ៊ុន Polyus។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Red Coast Metals Trading DMCC ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម ត្រូវបានគេដឹងថាមានជាប់ពាក់ព័ន្ធផងដែរ ក្នុងការបំភ័ន្តលើការទូទាត់ពីការលក់មាសដែលមានដើមកំណើតមកពីប្រទេសរុស្ស៊ី។
ជម្រាបជូនផងដែរថា Polyus ដែលជាក្រុមហ៊ុនរុករករ៉ែមាសធំបំផុតទី៤ របស់ពិភពលោក ដោយផ្នែកលើទិន្នផលសរុប ត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន តាំងតែពីឆ្នាំ២០២៣ មកម្លេះ ក្នុងគោលបំណងបង្កើនសម្ពាធលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ សម្រាប់ការបង្កសង្គ្រាមរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន៕