ឥណ្ឌូណេស៊ី ត្រូវការថវិកា ២៥ពាន់លានដុល្លារ ដើម្បីសង់បណ្តាញតភ្ជាប់ថាមពលកើតឡើងវិញ

អន្តរជាតិ

ក្រុមហ៊ុនអគ្គិសនីគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី (PLN) បាននិយាយថា ខ្លួនត្រូវការថវិកាសរុបចំនួន ២៥ពាន់លានដុល្លារ ដើម្បីសាងសង់បណ្តាញតភ្ជាប់ថាមពលកកើតឡើងវិញ នៅទូទាំងប្រទេស ឬត្រូវគេស្គាល់ថាជា Green super grid។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង Green super grid នេះ ត្រូវបានគេរំពឹងថានឹងបង្កើតបណ្តាញបញ្ជូនថាមពលរហូតដល់ទៅ ៥០ ០០០ គីឡូម៉ែត្រដែលអាចតភ្ជាប់ទៅកាន់តំបន់ជាច្រើន នៅទូទាំងប្រទេសឥណ្ឌូណេស៊ីទាំងមូល។

នាយក PLN លោក Darmawan Prasodjo បាននិយាយថា បណ្តាញអគ្គិសនី នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យមានការផ្លាស់ប្តូររបស់ប្រទេស ទៅកាន់ប្រភពថាមពលកកើតឡើងវិញ ក៏ដូចជាការសម្រេចបាននូវការប្តេជ្ញាចិត្តនៃការបំណាយឧស្ម័នកាបូនសូន្យ នៅត្រឹមឆ្នាំ២០៦០។

ជាមួយគ្នានេះ PLN បានព្យាករផងដែរថានៅពេលគម្រោងត្រូវបញ្ចប់រួចរាល់ នោះបណ្តាញអគ្គិសនី នឹងតភ្ជាប់ឲ្យអ្នកប្រើប្រាស់ និងឧស្សាហកម្ម ជាមួយនឹងថាមពលវារីអគ្គិសនីប្រហែល ១៩,៦ GW ថាមពលពន្លឺព្រះអាទិត្យ ១៦,៥ GW ថាមពលខ្យល់ ១១,៣ GW និងថាមពលកំដៅក្នុងផែនដី ៧,១ GW ។

បើយោងតាមលោក Prasodjo ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា បណ្តាញ Super Grid ក៏នឹងបើកឱកាសជាច្រើនសម្រាប់ប្រទេសឥណ្ឌូណេស៊ី ជាពិសេសសមត្ថភាពក្នុងការនាំចេញអគ្គិសនីរបស់ខ្លួន ទៅកាន់ប្រទេសជិតខាង នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ៕