ស្ដេចត្រាញ់ឥណ្ឌា ចាយលុយជាង ១ពាន់លានដុល្លារទិញក្រុមហ៊ុនស៊ីម៉ងត៍គូប្រជែង

អន្តរជាតិ

ក្រុមហ៊ុនផលិតស៊ីម៉ងត៍ Ambuja Cements Ltd., ដែលគ្រប់គ្រងដោយក្រុមហ៊ុន Adani Group មានម្ចាស់ជាមហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានធ្វើការទិញយកក្រុមហ៊ុនគូប្រជែង Penna Cement Industries ក្នុងតម្លៃ ១០៤,២ពាន់លានរូពី ឬប្រហែល ១,២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រប់ប្រតិបត្តិការរបស់ក្រុមហ៊ុន Penna ដែលមាននៅក្នុងប្រទេសឥណ្ឌា និងស្រីលង្ការ នឹងត្រូវគ្រប់គ្រងទាំងស្រុង ដោយក្រុមហ៊ុន Ambuja ខណៈកិច្ចកុងត្រាទិញលក់ជាផ្លូវការ គ្រោងបញ្ចប់ក្នុងរយៈពេល ៤ខែ។

កិច្ចកុងត្រាមួយនេះផងដែរ នឹងជួយបង្កើនសមត្ថភាពផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន Ambuja ប្រមាណ ៧៩លានតោនក្នុងមួយឆ្នាំ ស្របពេលបំណងធំរបស់ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា ចង់ផលិតស៊ីម៉ងត៍ឲ្យបានរហូតដល់ ១៤០លានតោនត្រឹមឆ្នាំ២០២៨។

សូមជម្រាបដែរថា ក្រុមហ៊ុន Adani Group កំពុងធ្វើការបណ្ដាក់ទុនទ្វេដងលើឧស្សាហកម្មស៊ីម៉ងត៍ ដែលជាធនធានយ៉ាងសំខាន់ ដើម្បីអាចសម្រេចផែនការរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនលំនៅឋាននៅក្នុងប្រទេស ដែលមានប្រជាជនរស់នៅច្រើនបំផុតលើលោកមួយនេះ៕