មេធំក្រុមហ៊ុន Facebook មហាសេដ្ឋី Mark Zuckerberg បានអបអរទិវាឪពុក ដោយនាំយកក្រុមគ្រួសាររបស់លោក និងលោកពុកមានឈ្មោះថា Edward Zuckerberg ធ្វើដំណើរកម្សាន្តនៅលើផ្ទៃសមុទ្រ ជាមួយនាវាផ្ទាល់ខ្លួនតម្លៃប្រហែល ៣០០លានដុល្លារ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Dailymail បានបង្ហាញថា នាវាផ្ទាល់ខ្លួនរបស់មហាសេដ្ឋីរូបនេះ ដែលមានឈ្មោះថា Launchpad ត្រូវបានគេប្រទះឃើញនៅប្រជុំកោះ Mallorca នៃប្រទេសអេស្ប៉ាញ នៅថ្ងៃបុណ្យទិវាឪពុក។
មហាសេដ្ឋីរូបនេះក៏បានបង្ហោះសារនៅលើបណ្ដាញសង្គម Instagram ភ្ជាប់ជាមួយរូបភាពក្រុមគ្រួសារលើនាវាផ្ទាល់ខ្លួន ថា៖ រីករាយទិវាឪពុក សម្រាប់បុរសម្នាក់ដែលតែងតែជួយជ្រោមជ្រែងគ្រួសាររបស់យើង។ ពួកយើងក៏បានធ្វើពិធីខួបកំណើតទី ៧០ឆ្នាំ សម្រាប់គាត់ផងដែរ។
សូមជម្រាបដែរថា នាវាផ្ទាល់ខ្លួនរបស់មហាសេដ្ឋីមានបំផុតលើលោកទី០៤រូបនេះ គឺមានប្រវែង ១១៨ម៉ែត្រ អាចផ្ទុកក្រុមការងាររហូតដល់ ៥០នាក់ និងមានបន្ទប់អាចទទួលភ្ញៀវបានដល់ទៅ ២៦នាក់ឯណោះ ខណៈតម្លៃរបស់វាគឺប្រហែល ៣០០លានដុល្លារ និងមាននាវាជំនួយខ្នាតតូចមួយទៀត មានឈ្មោះថា Wingman តម្លៃប្រហែល ៣០លានដុល្លារ មកជាមួយផងដែរ៕