ប្រធានក្រុមហ៊ុនរថយន្តកំពូល Toyota លោក Akio Toyoda កំពុងប្រឈមនឹងហានិភ័យ ដោយសារក្រុមម្ចាស់ភាគហ៊ុនមួយចំនួន បង្ហាញការមិនពេញចិត្តជាមួយរូបលោក និងបានត្រៀមបើកកិច្ចប្រជុំមួយ ទាក់ទងនឹងការទម្លាក់ចៅប្រុសរបស់ស្ថាបនិករូបនេះ ចេញពីសមាជិកក្រុមប្រឹក្សាភិបាលថែមទៀត។

យោងតាមការចុះផ្សាយពីគេហទំព័រ AP បានបង្ហាញថា ការបោះឆ្នោតទម្លាក់ចៅប្រុសរបស់ស្ថាបនិករូបនេះ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមម្ចាស់ភាគហ៊ុន។
គួររំលឹកបន្តិចថា ក្រុមម្ចាស់ភាគហ៊ុនបានចាប់ផ្ដើមបង្ហាញការមិនពេញចិត្ត ជាមួយលោក Toyoda បន្ទាប់ពីក្រុមហ៊ុនទទួលរងការខាតបង់ជាខ្លាំង ដោយសារមានកំហុសបច្ចេកទេសជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ និងបានធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់ប្រហែល ៣ទ្រីលានយ៉េន ឬប្រមាណ ១៨ពាន់លានដុល្លារ។
សូមជម្រាបដែរថា បើទោះជាប្រធានក្រុមហ៊ុន លោក Toyoda កំពុងទទួលបានការមិនពេញចិត្ត ពីម្ចាស់ភាគហ៊ុនយ៉ាងណា ក៏រូបលោកទំនងនឹងមិនត្រូវបានគេបោះឆ្នោតទម្លាក់តំណែងឡើយ ដ្បិតស្ថិតក្រោមការដឹកនាំរបស់លោក Toyota បានវិវត្តខ្លួនជាក្រុមហ៊ុនរថយន្តកំពូលមួយលើលោក និងមានប្រាក់ចំណូលប្រចាំឆ្នាំកប់ពពកថែមទៀត៕