តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia មានការហក់ឡើងខ្ពស់ជាលំដាប់ ដែលធ្វើឲ្យម្ចាស់ភាគហ៊ុនធំៗជាច្រើន ទទួលបានភាគលាភពីវារាប់សិបពាន់លានដុល្លារឯណោះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញ រយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនបន្ទះឈីប Nvidia បានសំងំកើបលុយប្រហែល ៣៦ពាន់លានដុល្លារឯណោះ។
ម្ចាស់ភាគហ៊ុនធំៗទាំងនោះ ភាគច្រើនគឺជាប្រធានគ្រប់គ្រងនៃផ្នែកនីមួយៗប្រចាំក្រុមហ៊ុន និងជាសមាជិកនៃក្រុមប្រឹក្សាភិបាល តួយ៉ាង CEO ក្រុមហ៊ុន លោក Jensen Huang បានកើបលុយប្រហែល ១០ពាន់លានដុល្លារ ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់មានរហូតដល់ ១១៥ពាន់លានដុល្លារឯណោះ។
ទន្ទឹមនឹងនោះ សមាជិកក្រុមប្រឹក្សាភិបាលចាស់វស្សា ២រូបទៀត គឺលោក Mark Stevens ទទួលផលចំណេញបាន ៥ពាន់លានដុល្លារ និងលោក Brooke Seawell ទទួលផលចំណេញបាន ៧០០លានដុល្លារ ស្របពេលនាយក និងនាយកប្រតិបត្តិតាមផ្នែកនីមួយៗនៅ Nvidia មានចំណែកភាគហ៊ុនសរុបរហូតដល់ ៤,២៣% ដែលស្មើនឹង ១៣០ពាន់លានដុល្លារផងដែរ៕