នាពេលបច្ចុប្បន្នការស្រឡាញ់ភេទដូចគ្នានៅតែជាបញ្ហាចោទនៅឡើយ ដោយសង្គមប្រទេសមួយចំនួនក៏មានការយល់ស្របច្រើន តែសង្គមខ្លះទៀតនៅមិនទាន់ទទួលយកសិទ្ធមួយនេះទេ។ យ៉ាងណា នាពេលសព្វថ្ងៃភាគច្រើនមនុស្សដែលស្រឡាញ់ភេទដូចគ្នា លែងមានការលាក់បាំងអៀនខ្មាស់ពីអ្នកដ៏ទៃដូចកាលពីមុន ដោយហ៊ានបង្ហាញអ្វីជាខ្លួនឯង បើកចំហរទទួលយកការពិតពីធម្មជាតិ ហើយបើតាមទស្សនាវដ្តី The China Morning Posts ក៏បានទម្លាយឈ្មោះមហាសេដ្ឋីចំនួន ៨រូបជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា៖
1/ លោក Giorgio Armani ជាមហាសេដ្ឋីស្រឡាញ់ភេទដូចគ្នា ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក ពោលមានរហូតដល់ទៅ ១២,៤ពាន់លានដុល្លារ។ Armani បានរួមរស់ និងមានដៃគូស្នេហាដ៏យូរអង្វែងជាមួយលោក Sergio Galeotti ដែលបានទទួលអនិច្ចកម្មទៅនៅឆ្នាំ១៩៨៥ ។
2/ លោក David Geffen សព្វថ្ងៃមានទ្រព្យសម្បត្តិដល់ទៅ ៨ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់លោកគឺបានមកពីអាជីវកម្មផលិតបទចម្រៀង និងផលិតខ្សែភាពយន្តជាច្រើនក្រុមហ៊ុន។ មួយវិញទៀត លោកក៏បានបង្ហាញខ្លួនជាមនុស្សស្រឡាញ់ភេទដូចគ្នាចាប់តាំងពីឆ្នាំ១៩៩២ មក។
3/ លោក Peter Thiel គឺជាសហគ្រិនជនជាតិអាមេរិកដើមកំណើតអាល្លឺម៉ង់ ហើយក៏ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន PayPal ដែលកំពុងកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៧,១ពាន់លានដុល្លារ។ Thiel គឺជាសកម្មជននយោបាយដែលនិយាយមិនដាច់ពីមាត់ អំពីការគាំទ្របុព្វហេតុទាមទារសិទ្ធិស្រឡាញ់ភេទដូចគ្នា។
4/ លោក John Stryker មានទ្រព្យសម្បត្តិចំនួន ៥,៣ពាន់លានដុល្លារ ជាម្ចាស់ភាគហ៊ុនដ៏ធំមួយក្នុងក្រុមហ៊ុនរបស់ជីតា Stryker Corp ហើយរូបលោកក៏ជាប្រធាន ព្រមទាំងជាស្ថាបនិកនៃមូលនិធិ Arcus ដែលមានទិសដៅគាំទ្រសិទ្ធិស្រឡាញ់ភេទដូចគ្នា។ ម្យ៉ាងវិញទៀត លោកក៏បានរៀបការជាមួយគូស្នេហ៍ឈ្មោះថា Slobodan Randjelovic កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ ផងដែរ។
5/ លោក Domenico Dolce មានទ្រព្យសម្បត្តិខ្ទង់ ២,៣ពាន់លានដុល្លារ ហើយការដែលដឹងថា លោកជាមនុស្សស្រឡាញ់ភេទដូចគ្នា ក៏ព្រោះតែ Dolce និងលោក Stefano Gabbana បានទាក់ទងគ្នាក្នុងន័យស្នេហាចាប់តាំងពីឆ្នាំ១៩៨២ ក្រោយមកក៏រួមដៃគ្នាបង្កើតក្រុមហ៊ុនលក់គ្រឿងក្រអូប វ៉ែនតា និងរបស់របរប្រើប្រាស់មានម៉ាកយីហោ Dolce & Gabbana នៅឆ្នាំ១៩៨៥ ។ ក្រោយទាក់ទងគ្នារហូតមកដល់ឆ្នាំ២០០៣ អ្នកទាំងពីររូបនេះបានប្រកាសថា ពួកគេបានបញ្ចប់ទំនាក់ទំនងស្នេហា ក៏ប៉ុន្តែនៅបន្តសហការអាជីវកម្មដូចមុនដដែល។
6/ លោក Stefano Gabbana ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិចំនួន ២,៣ពាន់លានដុល្លារ រូបលោកក៏ជាម្ចាស់ក្រុមហ៊ុន Dolce & Gabbana ហើយក៏ដឹងទៀតថា លោក Gabbana គឺជាអតីតគូស្នេហ៍របស់លោក Dolce ដែលធ្លាប់បានទាក់ទងគ្នាកាលពីអំឡុងឆ្នាំ១៩៨២ និងបានចែកផ្លូវគ្នានៅឆ្នាំ២០០៣ ។
7/ លោក Jennifer Pritzker ក៏ជាមហាសេដ្ឋីមួយរូប ដែលមានទ្រព្យសម្បត្តិប្រមាណ ២,២ពាន់លានដុល្លារដូចគ្នា។ នៅឆ្នាំ២០១៣Pritzker បានប្រកាសប្រាប់ទៅកាន់បុគ្គលិករបស់លោកថា ខ្លួនបានប្តូរភេទទៅជាភេទស្រី និងបានកែអត្តសញ្ញាណទៅជា “លោកស្រី” សម្រាប់ការហៅទូទៅ និងពេលធ្វើពាណិជ្ជកម្ម។ ចំណុចនេះហើយបានធ្វើឲ្យ Pritzker ក្លាយជាមហាសេដ្ឋីប្តូរភេទដំបូងគេ និងតែមួយគត់នៅលើពិភពលោក។
8/ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple មានទ្រព្យសម្បត្តិប្រមាណ ២,២ពាន់លានដុល្លារ។ មហាសេដ្ឋីម្នាក់នេះធ្លាប់បានបង្ហាញមុខជាសាធារណៈ ថាជាមនុស្សស្រឡាញ់ភេទដូចគ្នាកាលពីអំឡុងឆ្នាំ២០១៤ ហើយមិនត្រឹមតែប៉ុណ្ណោះ លោក Cook ក៏ធ្លាប់បានបរិច្ចាគប្រាក់ដើម្បីជួយដល់គំនិតផ្តួចផ្តើមទាមទារសិទ្ធិស្រឡាញ់ភេទដូចគ្នាផងដែរ៕