យោងតាមការិយាល័យនាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនាថា យន្តហោះរបស់កងកម្លាំងការពារជាតិប្រទេសនូវែលសេឡង់ ដែលដឹកនាយករដ្ឋមន្ត្រី លោក Christopher Luxon ទៅកាន់ប្រទេសជប៉ុន បានខូចនៅពាក់កណ្តាលផ្លូវ ដែលជាហេតុត្រូវបង្ខំឲ្យនាយករដ្ឋមន្ត្រីរូបនេះ ប្តូរទៅជិះយន្តហោះប្រភេទធម្មតាជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនូវែលហ្សេឡង់បានរាយការណ៍ថាយន្តហោះប្រភេទ Boeing 757 ដែលដឹកនាយករដ្ឋមន្ត្រីនោះបានខូច ក្នុងអំឡុងពេលឈប់ចាក់ប្រេង នៅក្នុងប្រទេស Papua New Guinea ដោយទុកឲ្យគណៈប្រតិភូធុរកិច្ច និងអ្នកកាសែតត្រូវជាប់គាំងនៅប្រលានយន្តហោះ Port Moresby ខណៈពេលដែលនាយករដ្ឋមន្ត្រី លោក Luxon ត្រូវសម្រេចចិត្តប្តូរទៅជិះយន្តហោះធម្មតាជំនួសវិញ ដើម្បីទៅកាន់ប្រទេសជប៉ុនទាន់ពេលវេលា។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិនូវែលហ្សេឡង់ លោក Judith Collins បានប្រាប់ស្ថានីយវិទ្យុ Newstalk ZB កាលពីថ្ងៃចន្ទថា បញ្ហាហោះហើររបស់យន្តហោះ Boeing 757 នេះតែងកើតឡើងញឹកញាប់ ដោយសារតែវាមានអាយុកាលចាស់ទៅហើយ ខណ:ក្រសួង កំពុងត្រៀមផ្លាស់ប្តូរយន្តហោះប្រភេទថ្មី សម្រាប់ដឹកលោក Luxon និងគណៈប្រតិភូរបំពេញការងារ ចាប់ពីពេលនេះតទៅ។
ជម្រាបជូនផងដែរថា លោក Luxon កំពុងចំណាយពេល ៤ថ្ងៃនៅក្នុងប្រទេសជប៉ុន ដែលជាកន្លែងលោកត្រូវបានគេរំពឹងថានឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងចំណាយពេលផ្សព្វផ្សាយពាណិជ្ជកម្មរបស់នូវែលហ្សេឡង់ ផងដែរ៕