ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើងនាព្រឹកព្រលឹមថ្ងៃទី១៩ ខែមិថុនា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្រោមការអញ្ជើញពីមេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
សម្រាប់ការមកដល់របស់មេដឹកនាំរុស្ស៊ី គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក គីម ដោយបានឈររង់ចាំទទួលសម្ព័ន្ធមិត្តលោក ពូទីន នៅប្រលានយន្តហោះដោយផ្ទាល់ ហើយគ្រាន់តែលោកបានចុះជាន់ដីកូរ៉េខាងជើងភ្លាម មេដឹកនាំទាំង២ បានឱបគ្នាយ៉ាងកក់ក្ដៅបំផុត។
គួររំលឹកបន្តិចថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី ទៅកាន់កូរ៉េខាងជើងសារនេះ គឺជាការបំពេញទស្សនកិច្ចលើកដំបូង ក្នុងរយៈពេល ២៤ឆ្នាំ ហើយវាក៏កំពុងស្ថិតក្រោមការឃ្លាំមើលពីមហាអំណាចលោកខាងលិច ដ្បិតពួកគេព្រួយបារម្ភខ្លាំង ពីចំណងសម្ព័ន្ធភាពរវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលសុទ្ធសឹងតែជាមហាអំណាចនុយក្លេអ៊ែរ។
ជម្រាបបន្ថែមថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើង គឺដើម្បីចង់បង្ហាញពិភពលោកឲ្យឃើញថា រុស្ស៊ីមានសម្ព័ន្ធមិត្តជាមហាអំណាចធំៗ ហើយក៏ដូចជាចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២ ឲ្យកាន់តែរីកចម្រើនជាងមុនផងដែរ៕