ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានដណ្ដើមតំណែងក្រុមហ៊ុន Microsoft ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក បន្ទាប់ពីតម្លៃហ៊ុនរបស់ពួកគេមានសន្ទុះខ្លាំង។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។
តម្លៃភាគហ៊ុនរបស់ Nvidia មានកំណើន ៣,៥% ឬប្រមាណ ១៣៥,៦ដុល្លារក្នុងមួយហ៊ុន ដែលបានធ្វើឲ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនអាមេរិកមួយនេះ កើនរហូតដល់ ៣,៣៣៥ទ្រីលានដុល្លារ។
ចំណែកឯតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft វិញ មានការថយចុះ ០,៤៥% ដែលបានធ្វើឲ្យមូលធនទីផ្សាររបស់វា ថយចុះមកនៅត្រឹម ៣,៣១៧ទ្រីលានដុល្លារ ស្របពេលក្រុមហ៊ុន Apple មានតម្លៃ ៣,២៨៦ទ្រីលានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនថយចុះ ១%។
សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Nvidia បានវិវត្តខ្លួនជាលំដាប់ គួបផ្សំផលិតផលបន្ទះឈីប កំពុងមានតម្រូវការខ្លាំងលើទីផ្សារផង ធ្វើឲ្យស្ដេចត្រាញ់ក្នុងវិស័យបន្ទះឈីបមួយនេះ កើបផលចំណេញបានរាប់សិបពាន់លានដុល្លារក្នុងមួយពព្រិចភ្នែក៕