ព្រឹទ្ធសភារបស់ប្រទេសថៃ បានបោះឆ្នោតយកឈ្នះយ៉ាងលើសលប់ លើការអនុម័តច្បាប់ដែលនឹងអនុញ្ញាតឲ្យប្រជាជនស្រឡាញ់ភេទដូចគ្នា អាចរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ ខណៈច្បាប់ថ្មីនេះនឹងបើកផ្លូវឲ្យថៃក្លាយជាប្រទេសដំបូងគេនៅអាស៊ាន និងទីបីនៅអាស៊ីបន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ដែលទទួលស្គាល់សិទ្ធិស្រឡាញ់ភេទដូចគ្នា។
ទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថា ក្នុងការបោះឆ្នោតនៅព្រឹទ្ធសភាកាលពីថ្ងៃទី១៨ មិថុនា គឺមានការយល់ព្រមពីសមាជិកចំនួន ១៣០សំឡេង ក្នុងចំណោមសមាជិកសរុបដែលចូលរួមចំនួន ១៥២នាក់ ខណៈក្នុងនោះមាន ៤សំឡេងដែលបោះឆ្នោតប្រឆាំង ចំណែកឯ ១៨សំឡេងទៀតអនុប្បវាទ។ បន្ថែមពីនោះ សេចក្តីព្រៀងច្បាប់នេះ នឹងត្រូវការយល់ព្រមពីព្រះមហាក្សត្រ Maha Vajiralongkorn អមដោយការបោះពុម្ពផ្សាយក្នុងសរាចរណ៍រដ្ឋាភិបាលមួយដំណាក់កាលទៀត ដែលនឹងកំណត់កាលបរិច្ឆេទក្នុងរយៈពេល ១២០ថ្ងៃនៅពេលដែលវាចូលជាធរមាន។
សូមជម្រាបថា នៅប្រទេសថៃ ល្បីល្បាញណាស់រឿងប្រជាជនជាច្រើនស្រឡាញ់ភេទដូចគ្នា ប៉ុន្តែទោះបីយ៉ាងនេះក្តីក៏ពួកគេបានតស៊ូអស់ជាច្រើនទស្សវត្ស ចំពោះការប្រឈមមុខនឹងការរើសអើងក្នុងជីវិតប្រចាំថ្ងៃ ទម្រាំរដ្ឋាភិបាលយល់ព្រមអនុម័តទៅលើសេចក្តីព្រាងច្បាប់ ដែលនឹងអនុញ្ញាតឲ្យមនុស្សមានភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់៕