ក្រុមហ៊ុនផលិតរថយន្តចិន ស្នើឲ្យរដ្ឋាភិបាលដំឡើងពន្ធទៅលើរថយន្តរបស់ EU វិញ ដើម្បីជាការសងសឹក

អន្តរជាតិ

យោងតាមការចុះផ្សាយពីកាសែត Global Times បានរាយការណ៍នៅថ្ងៃពុធ ទី១៩ ខែមិថុនានេះថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិន បានជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង សងសឹកទៅលើការសម្រេចចិត្តរបស់សហភាពអឺរ៉ុបវិញ ជុំវិញការដំឡើងពន្ធទៅលើរថយន្តអគ្គិសនីរបស់ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំបិទទ្វារមួយកាលពីថ្ងៃអង្គារ ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុបផងនោះ ក្រុមហ៊ុនរថយន្ត និងក្រុមឧស្សាហកម្មរថយន្តចិន បានស្នើឲ្យអាជ្ញាធរធ្វើការដំឡើងពន្ធទៅលើរថយន្តប្រើប្រេងសាំងដែលនាំចូលពីសហភាពអឺរ៉ុបវិញ ដើម្បីជាការសងសឹក។

មជ្ឈមណ្ឌលស្រាវជ្រាវរថយន្តរបស់ចិន កំពុងស្នើសុំឲ្យរដ្ឋាភិបាល ដំឡើងពន្ធនាំចូលរបស់ខ្លួនលើរថយន្តដែលប្រើសាំងរបស់អឺរ៉ុប ដល់ ២៥% ខណ:ពន្ធនាំចូលបច្ចុប្បន្នត្រឹម ១៥% ប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ គណ:កម្មការអឺរ៉ុប បានចេញសេចក្តីប្រកាសមួយ ជុំវិញការដំឡើងពន្ធរហូតដល់ទៅ ៣៨,១% លើរថយន្ត EV របស់ចិនដែលនាំចូល ចាប់ពីខែកក្កដាតទៅ ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិក ក៏បានធ្វើការដំឡើងពន្ធលើរថយន្តចិនដូចគ្នានេះផងដែរ កាលពីក្នុងខែឧសភា។

ជម្រាបជូនផងដែរថា ក្រៅពីការដំឡើងពន្ធលើរថយន្ត ក្រុមហ៊ុនចិន ក៏គ្រោងនឹងស្នើឲ្យអាជ្ញាធរបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើសាច់ជ្រូកដែលនាំចូលពីអឺរ៉ុប ផងដែរ ខណ:ពេលដែលក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនកាលពីថ្ងៃចន្ទ បានប្រកាសថាខ្លួននឹងអនុវត្តទៅលើផែនការនេះ៕