ក្រុមហ៊ុនវិនិយោគ Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានប្រកាសលក់ភាគហ៊ុនបន្ថែមទៀត នៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ដែលមានតម្លៃប្រមាណ ៤០លានដុល្លារ នៅក្នុងខែនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asia Financial។
យោងតាមឯកសារផ្លូវការមួយ បានបង្ហាញពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ក្រុមហ៊ុនវិនិយោគខ្នាតយក្សរបស់អាមេរិក បានលក់ភាគហ៊ុន BYD ដែលត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនហុងកុង ក្នុងចំនួន ១,៣ លានហ៊ុន ។
គួរឲ្យដឹងផងដែរថា ជុំវិញការលក់ចុងក្រោយនេះ បានធ្វើឲ្យភាគហ៊ុនសរុបរបស់ក្រុមហ៊ុន Berkshire ធ្លាក់ចុះពី ៧,០២% មកនៅត្រឹម ៦,៩០% ប៉ុណ្ណោះ នៅក្នុងក្រុមហ៊ុនផលិរថយន្តអគ្គិសនីលំដាប់កំពូលរបស់ប្រទេសចិនមួយនេះ។
ជម្រាបជូនថា Berkshire បានបន្តលក់ភាគហ៊ុនជាបន្តបន្ទាប់ នៅក្នុងក្រុមហ៊ុន BYD ចាប់តាំងពីក្នុងខែសីហា ឆ្នាំ២០២២ មក ខណ:ពេលដែលមហាសេដ្ឋី លោក Buffett នៅតែមានក្តីបារម្ភខ្លាំង លើទំនាក់ទំនងពាណិជ្ជកម្ម និងផ្នែកបច្ចេកវិទ្យារវាងចិន និងសហរដ្ឋអាមេរិក កាន់តែមានភាពអាក្រក់ទៅៗ៕