នាថ្ងៃទី១៩ ខែមិថុនានេះ ក្រុមហ៊ុនរថយន្តកំពូល Ferrari បានប្រកាសថា ពួកគេកំពុងផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ហើយនឹងអាចដាក់លក់ក្នុងតម្លៃយ៉ាងតិច ៥០០ ០០០អឺរ៉ូ ឬប្រហែល ៥៣៥ ០០០ដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនរថយន្តអ៊ីតាលីមួយនេះ បានបន្ថែមទៀតថា រថយន្តអគ្គិសនីដំបូងរបស់ពួកគេ នឹងលេចវត្តមានលើទីផ្សារនៅក្នុងឆ្នាំក្រោយ ខណៈតម្លៃជាងកន្លះលានដុល្លារនេះ គឺមិនថ្លៃឡើយ ដោយសារអតិថិជនគោលដៅរបស់ Ferrari សុទ្ធតែជាអភិជន លុយរាប់រយលានដុល្លារ។
ទោះជាតម្លៃថ្លៃដល់ទៅជាងកន្លះលានដុល្លារមែន តែតម្លៃរថយន្តអគ្គិសនីរបស់ Ferrari នេះ មិនបានរាប់បញ្ចូលពីគ្រឿងតុបតែងបន្ថែមទៀត ដែលជាទូទៅអតិថិជនរបស់ Ferrari អាចមានសិទ្ធឲ្យក្រុមហ៊ុនរចនាផ្ទៃខាងក្នុង ពណ៌ ក៏ដូចជាយ៉ាន់រថយន្ត ឲ្យមានលក្ខណៈខុសប្លែកពីរថយន្តធម្មតា ដោយតម្រូវឲ្យបង់ប្រាក់បន្ថែមចន្លោះពី ១៥ ទៅ ២០% នៃថ្លៃដើមរថយន្ត។
សូមជម្រាបដែរថា Ferrari បានប្រកាសថា គម្រោងផលិតរថយន្តអគ្គិសនីរបស់ខ្លួន អាចនឹងបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុនបន្ថែមមួយកម្រិតទៀត ដោយសារវិស័យរថយន្តអគ្គិសនី កំពុងមានតម្រូវការខ្លាំង ដ្បិតគូប្រជែងធំៗដូចជា Porsche ជាដើម សុទ្ធតែបានងាកមកផលិតរថយន្តអគ្គិសនីជាបណ្ដើរៗហើយ៕