ភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិកនឹងគាំទ្រកំណើនសេដ្ឋកិច្ចពិភពលោកចំនួន២,៦% នៅឆ្នាំនេះ

អន្តរជាតិ

ដោយមើលឃើញពីភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកប្រកបដោយនិរន្តរភាព ធនាគារពិភពលោកបានបង្កើនទស្សនវិស័យចំពោះសេដ្ឋកិច្ចពិភពលោក ថានឹងមានការការកើនឡើងពីចំនួន២,៤% ទៅ២,៦% នៅក្នុងឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្នសេដ្ឋកិច្ចអាមេរិកត្រូវបានគេរំពឹងថា នឹងមានការកើនឡើង២,៥% នៅឆ្នាំនេះ ខណៈប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលកំពុងប្រឈមមុខនឹងភាពជាប់គាំងក្នុងទីផ្សារអចលនទ្រព្យ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះសេដ្ឋកិច្ចមកនៅត្រឹម៤,៨% នៅឆ្នាំ២០២៤ ពីចំនួន៥,២% ដែលសម្រេចបានកាលពីក្នុងឆ្នាំ២០២៣ ។

ជាមួយគ្នា សមាជិកអឺរ៉ុបទាំង ២០ប្រទេសដែលជាសហគមន៍ចាយប្រាក់អឺរ៉ូ កំពុងតែជួបផលវិបាកក្នុងភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងកើនឡើង០,៧% នៅឆ្នាំ២០២៤ ពីការកើនឡើងចំនួន០,៤% នៅឆ្នាំ២០២៣ ។ លើសពីនោះ ធនាគារពិភពលោករំពឹងដែរថា សេដ្ឋកិច្ចរបស់ជប៉ុន ដែលកំពុងជាប់គាំងដោយសារការចំណាយរបស់អ្នកប្រើប្រាស់យឺត នឹងធ្លាក់ចុះមកនៅត្រឹម០,៧% នៅឆ្នាំនេះ ពីចំនួន១,៩% កាលពីឆ្នាំមុន។

គួរឲ្យដឹងថា ធនាគារពិភពលោកបានព្រមានចំពោះកំណើនសេដ្ឋកិច្ចសកល គឺនៅតែមានភាពយឺតយ៉ាវដូចកាលពីមុនអញ្ចឹង ដោយថាប្រទេសក្រីក្របំផុតកំពុងតែតស៊ូក្រោមទម្ងន់នៃបំណុលដ៏សន្ធឹក និងអត្រាការប្រាក់ខ្ពស់ ហើយថាការកើនឡើងនៃរបាំងពាណិជ្ជកម្មកំពុងបង្កគ្រោះថ្នាក់ដល់ភាពរីកចម្រើនទូទាំងពិភពលោក ហើយមួយវិញទៀត សង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សាកំពុងដាក់សម្ពាធបន្ថែមទៀតចំពោះសេដ្ឋកិច្ចក្នុងតំបន់៕