រយៈពេល ៦ខែនេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Steve Ballmer គឺមានកំណើនរហូតដល់ ២៤ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោកមានរហូតដល់ ១៥៤ពាន់លានដុល្លារ សឹងតែតាមទាន់អតីតមេរបស់ខ្លួន គឺមហាសេដ្ឋី Bill Gates។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Bloomberg Billionaires Index។
បច្ចុប្បន្ននេះ គម្លាតទ្រព្យសម្បត្តិរវាងអតីតជំនួយការមហាសេដ្ឋី Bill Gates និងសហស្ថាបនិកក្រុមហ៊ុន Microsoft គឺខុសគ្នាតែ ៣ពាន់លានដុល្លារប៉ុណ្ណោះ ពោលលោក Bill Gates មានលុយ ១៥៧ពាន់លានដុល្លារ ស្របពេលលោក Steve Ballmer មានលុយ ១៥៤ពាន់លានដុល្លារ។
កំណើនទ្រព្យសម្បត្តិដ៏ច្រើនរបស់មហាសេដ្ឋី Steve Ballmer គឺមួយភាគធំបានមកពីភាគលាភ ដែលផ្ដល់ឲ្យដោយក្រុមហ៊ុន Microsoft អំឡុងពេលលោកបំពេញការងារជា CEO នៅទីនោះ ខណៈការថយចុះនៃទ្រព្យសម្បត្តិរបស់លោក Bill Gates គឺដោយសារការចាយលុយធ្វើសប្បុរសធម៌នានា៕