កាលពីថ្ងៃទី១៩ ខែមិថុនា គណៈរដ្ឋមន្ត្រីឥណ្ឌា បានអនុម័តលើផែនការសាងសង់កំពង់ផែ តម្លៃ ៧៦២ពាន់លានរូពី ឬប្រហែល ៩,១៤ពាន់លានដុល្លារ ដើម្បីពង្រឹងការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
កំពង់ផែមួយនោះ មានឈ្មោះថា Vadhavan ដែលនឹងត្រូវសាងសង់នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសឥណ្ឌា និងមានចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ពីទីក្រុងម៉ុមបៃ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Ashwini Vaishnaw បានប្រាប់អ្នកសារព័ត៌មានថា កំពង់ផែនេះនឹងរួមបញ្ចូលនូវស្ថានីយសម្រាប់ផ្ទុកនាវាធំ និងស្ថានីយសម្រាប់ប្រេង យានយន្ត និងការនាំចូលផ្សេងទៀត ដែលមានសមត្ថភាពផ្ទុកប្រចាំឆ្នាំ ២៩៨លានតោន។
សូមជម្រាបដែរថា គម្រោងការសាងសង់នេះ នឹងជួយឲ្យការធ្វើពាណិជ្ជកម្មរវាងឥណ្ឌា និងអឺរ៉ុប កាន់តែមានភាពងាយស្រួលបន្ថែមទៀត ទាំងផ្លូវទឹក និងផ្លូវគោក ខណៈគម្រោងសាងសង់មួយនេះ នឹងបែងចែកជា ២ដំណាក់កាល ដោយដំណាក់កាលទីមួយ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៩៕