អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា ហៅកាត់ FIU បានធ្វើការផាកពិន័យ លើក្រុមហ៊ុនជួញដូរគ្រីបតូធំបំផុតលើលោក Binance ចំនួន ១៨៨,២លានរូពី ឬប្រហែល ២,២៥លានដុល្លារ បន្ទាប់ពីរកឃើញថាក្រុមហ៊ុននេះ បានបំពានច្បាប់លាងលុយកខ្វក់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កាលពីចុងឆ្នាំ២០២៣ FIU ធ្លាប់បានព្រមាន Binance ម្ដងហើយ និងផ្អាកប្រតិបត្តិការក្រុមហ៊ុនមួយនេះក្នុងប្រទេសឥណ្ឌា ក៏ប៉ុន្តែនៅខែឧសភា Binance ក៏បានដាក់ពាក្យសុំបន្តប្រតិបត្តិការណ៍នៅប្រទេសឥណ្ឌាឡើងវិញ។
ចាប់ផ្ដើមប្រតិបត្តិការមិនបានប៉ុន្មានផង ក្រុមហ៊ុនជួញដូរគ្រីបតូធំបំផុតលើលោកមួយនេះ រួមជាមួយក្រុមហ៊ុនបរទេស ៨ផ្សេងទៀត ក៏ត្រូវបាន FIU ចោទប្រកាន់ពីបទល្មើសទាក់ទងនឹងករណីលាងលុយកខ្វក់។
សូមជម្រាបបន្ថែមថា មួយរយៈនេះ Binance ជួបប្រទះបញ្ហាជាច្រើន តួយ៉ាងកាលពីខែមុន សហរដ្ឋអាមេរិកក៏បានចោទប្រកាន់ក្រុមហ៊ុននេះ ក្នុងករណីស្រដៀងគ្នា ដែលធ្វើឲ្យស្ថាបនិកក្រុមហ៊ុន មហាសេដ្ឋី Changpeng Zhao ត្រូវមានទោសជាប់ពន្ធនាគារ រយៈពេល ៤ខែឯណោះ៕