ប្រទេសចិន និងម៉ាឡេស៊ី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន កាលពីថ្ងៃពុធ ទី១៩ ខែមិថុនាកន្លងទៅ ដោយក្នុងនោះរួមមានការបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចរយ:ពេល ៥ឆ្នាំបន្ថែម និងការអនុញ្ញាតឲ្យនាំចេញផ្លែទុរេនស្រស់ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang ដើម្បីប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។
តាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឲ្យដឹងថា លោក Li បានជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅក្នុងរដ្ឋធានីនៃរដ្ឋ Putrajaya បន្ទាប់ពីលោកបានមកដល់ទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃអង្គារ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Li បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយម៉ាឡេស៊ី។ លោកក៏បានបន្ថែមទៀតថា វិស័យផ្តោតសំខាន់រួមមានយុទ្ធសាស្រ្តអភិវឌ្ឍ កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងការដោះដូរផ្សេងៗដើម្បីលើកកម្ពស់ដល់ការកសាងសហគមន៍ចិន-ម៉ាឡេស៊ី។
បន្ទាប់ពីកិច្ចប្រជុំទល់មុខគ្នា កាលពីថ្ងៃពុធ លោក Li និងលោក Anwar បានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ១១ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរាប់ចាប់ពីសេដ្ឋកិច្ចឌីជីថល រហូតដល់ការអភិវឌ្ឍបៃតង លំនៅដ្ឋាន ទេសចរណ៍ និងទំនាក់ទំនង ក្នុងចំណោមផ្នែកផ្សេងៗទៀត។
ទន្ទឹមនឹងនេះ ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចរយៈពេលប្រាំឆ្នាំថ្មីដែលនឹងដំណើរការរហូតដល់ឆ្នាំ២០២៨ គឺផ្តល់សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងវិស័យធំៗដូចជា ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ។
បើតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយក៏បានបន្ថែមឲ្យដឹងទៀតថា ប្រទេសចិនក៏បានយល់ព្រមអនុញ្ញាតឲ្យមានការនាំចូលផ្លែទុរេនស្រស់ពីប្រទេសម៉ាឡេស៊ីផងដែរ បន្ទាប់ពីវាត្រូវបានបំពេញតាមតម្រូវការអនាម័យត្រឹមត្រូវ។
ជម្រាបថាប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ២០០៩ មក ខណ:បើតាមក្រសួងការបរទេស បាននិយាយថាទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានតម្លៃដល់ទៅ ៩៨,៩ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០២៣៕