លោក គីម ជុងអ៊ុន ជូនសុនខពីរក្បាល ទៅលោក ពូទីន វិញ បន្ទាប់ពីទទួលបានកាដូរថយន្តប្រណីតពីប្រធានាធិបតីរុស្ស៊ី

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្តល់ជូនសុនខពីរក្បាល ជាអំណោយទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន វិញ បន្ទាប់ពីទទួលបានកាដូជារថយន្តប្រណីត ១គ្រឿង ពីប្រធានាធិបតីរុស្ស៊ីរូបនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី នៅឯទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធសប្តាហ៍នេះ គេសង្កេតឃើញថា រថយន្ត Aurus ដ៏ប្រណីតដែលផលិតដោយរុស្ស៊ី ត្រូវបានប្រើប្រាស់ជារថយន្តធ្វើដំណើរផ្លូវការរបស់លោក ពូទីន និងប្រធានាធិបតីកូរ៉េខាងជើង លោក គីម ផងដែរ។

រំលឹកផងដែរថា លោក ពូទីន បានផ្តល់កាដូជារថយន្ត Aurus ១គ្រឿងដំបូង ដល់លោក គីម កាលពីខែកុម្ភ: ឆ្នាំនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី កាលពីខែកញ្ញា ឆ្នាំមុន។

ដោយឡែកសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅក្នុងប្រទេសកូរ៉េខាងជើងដែលទើបត្រូវបញ្ចប់ កាលពីពេលថ្មីៗនេះ លោក គីម បានតបស្នងមេដឹកនាំរុស្ស៊ីវិញ ជាមួយនឹងការផ្តល់ជូនអំណោយសុនខពូជ Pungsan របស់កូរ៉េខាងជើង ចំនួន ២ក្បាល ដោយដឹងថាប្រធានាធិបតីរុស្ស៊ីរូបនេះ ជាមនុស្សស្រលាញ់សត្វសុនខខ្លាំង។

​ជម្រាបជូនថា ក្នុងជំនួបដ៏ធំនេះ មេដឹកនាំប្រទេសទាំងពីរ បានចុះសន្ធិសញ្ញាស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះរួមមាន ការកំណត់ឲ្យមានការផ្តល់ជំនួយយោធានានា ប្រសិនបើរុស្ស៉ីឬកូរ៉េខាងជើង រងការឈ្លានពានណាមួយ៕