ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍កាលពីថ្ងៃទី២០ មិថុនា ដោយដកស្រង់ទិន្នន័យពី Eurostat ថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុបបានបន្តធ្លាក់ចុះជាលំដាប់ ខណៈទណ្ឌកម្មពីបណ្តាប្រទេសខាងលិច នៅតែបន្តដាក់មកលើទីក្រុងមូស្គូ គ្មានស្រាកស្រាន្ត។
ទិន្នន័យពី Eurostat បានបង្ហាញឲ្យដឹងថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុបបានបន្តធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០០មក ពោលទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរមានចំនួន ៥,៦ពាន់លានអឺរ៉ូ ដែលតួលេខនេះបានបង្ហាញពីការធ្លាក់ចុះចំនួន៦% ពីមូយខែទៅមួយខែ។
របាយការណ៍បានបង្ហាញទៀតថា ការនាំចេញទំនិញរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនៅខែមេសាបានធ្លាក់ចុះ១៧% ពីខែមីនាមកនៅត្រឹមចំនួន ២,៧ពាន់លានអឺរ៉ូ ខណៈវាជាការធ្លាក់ចុះដល់ចំណុចទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៩ មក។ មួយវិញទៀត ឧស្ម័នធម្មជាតិគឺជាផលិតមួយ ដែលរុស្ស៊ីមានការនាំចេញជាចម្បងទៅកាន់សហភាពអឺរ៉ុប បើទោះបីជាការផ្គត់ផ្គង់បានថយចុះ៥% ក្នុងខែមេសាមកនៅត្រឹម ១,១៥ពាន់លានអឺរ៉ូក្តី។
ទន្ទឹមនឹងនេះ ការនាំចេញទំនិញរបស់សហភាពអឺរ៉ុបទៅកាន់រុស្ស៊ី ដែលភាគច្រើនមានដូចជា ឱសថ និងគ្រឿងបរិក្ខារជាដើម បានកើនឡើងនៃការនាំចេញចំនួន៦% នៅខែមេសាខ្ពស់ជាងខែមីនាដល់ចំនួន ២,៩ពាន់លានអឺរ៉ូ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២០ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់រុស្ស៊ី ដោយមានទំហំដល់ទៅ៣៧,៣% នៃពាណិជ្ជកម្មសរុបរបស់ប្រទេស ដោយក្នុងនោះជាង៣៦% គឺជាទំនិញដែលសហភាពអឺរ៉ុបនាំចូលមកកាន់រុស្ស៊ី និង៣៧,៩% គឺជាទំនិញដែលរុស្ស៊ីនាំចេញទៅកាន់សមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេស៕