ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនាកន្លងទៅ បាននិយាយថា រុស្ស៊ី និងវៀតណាម បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រនុយក្លេអ៊ែរ នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំជាមួយប្រធានាធិបតីវៀតណាម លោក ពូទីន បាននិយាយថា ការអភិវឌ្ឍដោយសន្តិវិធីនៃថាមពលនុយក្លេអ៊ែរ គឺជាវិស័យសំខាន់បំផុត នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងរុស្ស៊ី។
“ប្រធានបទសំខាន់មួយក្នុងចំណោមប្រធានបទជាច្រើនទៀតដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ គឺមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាមដែលនឹងត្រូវសាងសង់ដោយក្រុមហ៊ុនសាជីវកម្មថាមពលនុយក្លេអ៊ែរ Rosatom ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលសម្រាប់អ្នកជំនាញនុយក្លេអ៊ែរវៀតណាម នៅក្នុងសាកលវិទ្យាល័យឯកទេសរុស្ស៊ី ផងដែរ” ។ នេះបើតាមការលើកឡើងបន្ថែមរបស់ប្រធានាធិបតីរុស្ស៊ី។
ជម្រាបជូនផងដែរថា អនុស្សរណៈនេះគឺជាឯកសារមួយក្នុងចំណោមឯកសារចំនួន ១១ ផ្សេងទៀត ដែលត្រូវបានបានចុះហត្ថលេខា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ពូទីន នៅក្នុងប្រទេសវៀតណាម។ ឯកសារដែលបានចុះហត្ថលេខាផ្សេងទៀតរួមមានទាក់ទងនឹងកិច្ចសហប្រតិបត្តិការអប់រំ នៅសាកលវិទ្យាល័យ ការការពារជំងឺ កិច្ចសហប្រតិបត្តិការថាមពល និងប្រេងឥន្ធនៈ ជាដើម៕