ថៃ កំពុងពន្លឿនផែនការរបស់ខ្លួនក្នុងការចូលរួមជាមួយក្រុម BRICS យ៉ាងយូរត្រឹមដើមខែតុលាខាងមុខ

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសថៃ កំពុងព្យាយាមពន្លឿនផែនការរបស់ខ្លួន ក្នុងការក្លាយជាសមាជិកនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង BRICS នាដើមខែតុលាខាងមុខ នៅពេលដែលកិច្ចប្រជុំកំពូលបន្ទាប់របស់ប្លុកនេះ ត្រូវធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Nikorndej បាននិយាយទៀតថា ប្រទេសរបស់លោក បានដាក់លិខិតជាផ្លូវការមួយរួចរាល់ហើយ ដើម្បីស្នើសុំធ្វើជាសមាជិក ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ក្រុម BRICS កាលពីមួយសប្តាហ៍មុន ហើយសង្ឃឹមថានឹងទទួលបានមតិកែលម្អជាវិជ្ជមាន។

អ្នកនាំពាក្យរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ការចូលរួមជាមួយក្រុម BRICS នឹងអនុញ្ញាតឲ្យប្រទេសថៃ បង្កើនប្រសិទ្ធភាពបន្ថែមទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយបណ្តាប្រទេសរីកចម្រើនលើពិភពលោក ក៏ដូចជាដើរតួនាទីសកម្មជាងមុន និងរួមចំណែកក្នុងការបង្កើតស្ថាបត្យកម្មពិភពលោក ផងដែរ។

BRICS គឺជាកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ដែលដំបូងឡើយមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាសមាជិក។ នៅក្នុងខែមករា ឆ្នាំ២០២៤ ក្រុមនេះបានពង្រីកសមាជិកភាពរបស់ខ្លួនបន្ថែមទៀត ដោយរួមបញ្ចូលអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អ៊ីរ៉ង់ និងអេត្យូពី ផងដែរ។

ជម្រាបជូនផងដែរថា ប្រទេស​ថៃ​ក៏​កំពុង​សម្លឹង​រក​មើលឱកាសក្នុងការ​ចូល​រួម​ជាមួយ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ហៅកាត់ OECD ផងដែរ បន្ទាប់​ពី​ត្រូវ​បាន​អញ្ជើញ​ដោយ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​មួយនេះ ដើម្បី​បើក​ការ​ពិភាក្សាក្នុងការ​ចូល​រួមជា​សមាជិក៕