ចិន បន្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំអាមេរិកមួយ ជុំវិញការលក់អាវុធឲ្យតៃវ៉ាន់

អន្តរជាតិ

យោងតាមក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានបន្តដាក់ទណ្ឌកម្មប្រឆាំងទៅនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនរបស់ Lockheed Martin Corp រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនមួយចំនួនផងដែរ ជុំវិញការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ទី២១ ខែមិថុនា ថា រដ្ឋាភិបាលរបស់ខ្លួន នឹងបង្កកទាំងចលនវត្ថុ និងអចលនវត្ថុ រួមជាមួយទ្រព្យសម្បត្តិប្រភេទផ្សេងទៀតរបស់នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Lockheed Martin និងលោក James Donald Taiclet ដែលជាប្រធានក្រុមហ៊ុនផងដែរ ដោយនឹងរារាំងលោកមិនឲ្យចូលមកកាន់ប្រទេសចិនទៀតនោះឡើយ។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Lockheed Martin ដែលត្រូវបានដាក់ចូលទៅក្នុងបញ្ជីទណ្ឌកម្មនេះ រួមជាមាន Lockheed Martin Missile System Integration Lab, Lockheed Martin Advanced Technology Laboratories និង Lockheed Martin Ventures។

គួរឲ្យដឹងថា ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឲ្យសហរដ្ឋអាមេរិក ដែលត្រូវបានគេដឹងថាជាអ្នកគាំទ្រដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធសម្រាប់តៃវ៉ាន់ ឲ្យបញ្ឈប់ការជ្រៀតជ្រែក និងការលក់អាវុធទៅឲ្យដែនកោះនេះ ខណ:រដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែប្រកាន់​ជំហរ​ថាតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងពេលកន្លងមកនេះ បានបន្តអនុវត្តទណ្ឌកម្មលើក្រុមហ៊ុនរបបស់អាមេរិកអាមេរិកជាច្រើនរួមមកហើយ ដោយស្ថិតនៅក្រោមច្បាប់ប្រឆាំងទៅនឹងទណ្ឌកម្មបរទេសរបស់ចិន៕