កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ប្រទេសចិន ៤រូបមានទ្រព្យសម្បត្តិសរុបដល់ទៅ ១៥៩ពាន់លានដុល្លារ

អន្តរជាតិ

នៅចិនក្រុមហ៊ុនរកស៊ីជោគជ័យលើវិស័យបច្ចេកវិទ្យាមានច្រើនណាស់ ហើយទន្ទឹមនឹងជោគជ័យក៏នាំឲ្យមានមហាសេដ្ឋីមានដាច់គេជាច្រើននាក់ផងដែរ។ យ៉ាងណាបើតាមបញ្ជីឈ្មោះរបស់ទស្សនាវដ្តី Forbes គេឃើញមានមហាសេដ្ឋីបច្ចេកវិទ្យាចិនចំនួន ៤រូបមានទ្រព្យច្រើនដាច់គេ ពោលសរុបរហូតដល់ទៅជាង ១៥៩ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះលោក Colin Huang គឺជាកំពូលអ្នកមានដាច់គេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាចិន ដោយមានទ្រព្យសម្បត្តិរហូតដល់ទៅ ៥០,៧ពាន់លានដុល្លារ។ លោក Huang ជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេបង្អស់នៅក្នុងក្រុមហ៊ុនយក្ស PDD Holdings ។

ជាមួយគ្នាលោក Zhang Yiming មានទ្រព្យសម្បត្តិប្រមាណ ៤៣,៤ពាន់លានដុល្លារ។ រូបលោកជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុន ២១%នៃក្រុមហ៊ុន ByteDance ដែលកំពុងធ្វើប្រតិបត្តិការលើកម្មវិធីបណ្តាញសង្គមដ៏ធំបំផុតមួយរបស់ពិភពលោក TikTok ជាមួយអ្នកប្រើប្រាស់ជាងមួយពាន់លានអ្នកជុំវិញពិភពលោក។

ទន្ទឹមនឹងនោះលោក Ma Huateng ដែលមានទ្រព្យសម្បត្តិជាង ៤០,៤ពាន់លានដុល្លារ។ Huateng ជាស្ថាបនិកក្រុមហ៊ុន Tencent Holdings ដែលធ្វើប្រតិបត្តិការលើកម្មវិធីផ្ញើរសារ WeChat ដែលមានអ្នកប្រើប្រាស់ជាង ១,៣ពាន់លាននាក់ និងជាក្រុមហ៊ុនលក់វីដេអូហ្គេមដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ។

ចំណែកឯចុងក្រោយគេគឺលោក Jack Ma មានទ្រព្យសម្បត្តិប្រមាណ ២៤,៥ពាន់លានដុល្លារ ជាសហស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Alibaba Group Holdings ចាប់តាំងពីឆ្នាំ១៩៩៩ ហើយក្រោយមកបានលាលែងពីតំណែងកាលពីអំឡុងឆ្នាំ២០១៩ ៕